(ភ្នំពេញ)៖ ស្របពេលកិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៣តទៅនេះ ភាគីសហជីព ក៏ដូចជាកម្មករ កម្មការិនីរោងចក្រ សង្ឃឹមទុកថា នឹងអាចដំឡើងដូចរៀងរាល់ឆ្នាំ ទោះបីក្នុងកម្រិតតិច ឬច្រើន ដោយសារការទទួលបានការយកចិត្តទុកដាក់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។
កម្មករ កម្មការិនី រោងចក្រកាត់ស្បែកជើងមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាក្រោយចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលអប្បបរមាដែលទទួលបានតែងតែកើនឡើងជារៀងរាល់ឆ្នាំ។ ពួកគេនៅតែជឿជាក់ថា ប្រាក់ឈ្នួលនឹងទទួលបានការដំឡើងប្រាក់ឈ្នួលខ្ពស់បន្តទៀតសម្រាប់ឆ្នាំ២០២៤ ជាពិសេសការគៀងគរអ្នកបញ្ជាទិញមកប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង ដើម្បីមានការថែមម៉ោង និងមានប្រាក់ចំណូលខ្ពស់។
លោក សាំង សុធា សហជីពមូលដ្ឋាន និងជាកម្មកររោងចក្រ បានលើកឡើងថា ទោះបីជាប្រាក់ឈ្នួលអាចដំឡើង ឬមិនអាចដំឡើងបានសម្រាប់ឆ្នាំ២០២៤ ក៏នៅតែពេញចិត្តទទួល ព្រោះដូចដឹងស្រាប់ហើយថា ក្រៅពីវិបត្តិកូវីដ១៩ នៅជួបបញ្ហាសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
ដោយឡែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ស្របពេលនាយករដ្ឋមន្រ្តីថ្មី នឹងត្រូវចូលកាន់តំណែងជំនួសសម្តេចតេជោ ហ៊ុន សែន នឹងអាចដំឡើងដូចរៀងរាល់ឆ្នាំ ដោយសាររាជរដ្ឋាភិបាលតែងតែមានការលើកទឹកចិត្តក្នុងការដំឡើង ទោះជាក្នុងចំនួនតិចក៏ដោយ។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានដំឡើងពីចំនួន ៤០ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ៕