(ភ្នំពេញ)៖ ការប្រមូលចំណូលជាតិរបស់រដ្ឋាភិបាលក្នុងឆមាសទី១ សម្រេចបាន១៤ ២០២ ០៦៧ លានរៀល(ប្រមាណ ៣ ៥០០លានដុល្លារ)។ ចំណូលនេះ ស្មើនឹង៥០,៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ដែលមានសន្ទុះយឺតជាង ៧,៥ពិន្ទុ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងជួបបញ្ហាប្រឈម និង ហានិភ័យច្រើន លើការប្រមូលចំណូល ជាពិសេសការប្រមូលចំណូលមូលធនថវិការដ្ឋ និងការប្រមូលចំណូលផ្នែកគយ។ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ រដ្ឋត្រូវប្រមូលចំណូលថ្នាក់ជាតិឱ្យបានប្រមាណ៧ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងចំណាយប្រចាំឆ្នាំ។
ផ្អែកតាមលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ចចេញផ្សាយជាសាធារណៈនាថ្ងៃទី៤សីហា ការអនុវត្តប្រមូលចំណូលរបស់អគ្គនាយកពន្ធដារ ដែលជាប្រភពចំណូលដ៏ធំរបស់ជាតិនោះ មិនមានជាបញ្ហាចោទឡើយ។ ក្រសួងសេដ្ឋកិច្ច វាយតម្លៃថា ការប្រមូលរបស់អគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចបានដល់១០៧,៥ភាគរយ(ទឹកប្រាក់៣ ២០០លានដុល្លារ) ក្នុងឆ្នាំ២០២៣។ ក៏ប៉ុន្តែការប្រមូលចំណូលមូលធនថវិការដ្ឋ និងការមូលពន្ធគយ គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ខណៈរដ្ឋាភិបាលមានបន្ទុកចំណាយច្រើនក្នុងឆ្នាំនេះ។
ចំណូលមូលធនថវិការដ្ឋ ត្រូវបានក្រសួងសេដ្ឋកិច្ចប៉ាន់ស្មានថា នឹងអនុវត្តបានប្រមាណ៤៦០លានដុល្លារ ទាបជាងច្បាប់ហិរញ្ញវត្ថុ ២២ភាគរយ។ បើតាមក្រសួងសេដ្ឋកិច្ច មូលហេតុដែលធ្វើឱ្យការប្រមូលចំណូលមូលធនមានការថយចុះ ក៏ព្រោះតែអគ្គិសនីកម្ពុជា ត្រូវបានរដ្ឋាភិបាលអនុវត្តឱ្យពន្យារការសងប្រាក់ដើម និងការប្រាក់។ ក្រៅពីនេះ ការបោះផ្សាយមូលបត្ររដ្ឋ អាចសម្រេចបានត្រឹម៤៤លានដុល្លារប៉ុណ្ណោះ ធៀបនឹងផែនការនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ គឺទំហំ២០០លានដុល្លារ។ នេះជាបញ្ហាប្រឈមដែលប៉ះពាល់ដល់ការប្រមូលចំណូលរបស់រដ្ឋ។
ចំពោះហានិភ័យនានា ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិ ភាគច្រើនស្ថិតលើការអនុវត្តចំណូលរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។ ការប្រមូលគយនិងរដ្ឋាករ ក្នុងឆមាសទី១ អាចមាននិន្នាការថយចុះ រហូតដល់ដំណាច់ឆ្នាំ ។ ចំណូលគយនិងរដ្ឋាករ អាចសម្រេចបានប្រមាណ៩០ភាគរយ(ទឹកប្រាក់ប្រមាណ២៤០០លានដុល្លារ)នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ប៉ុណ្ណោះ។
ការមិនសម្រេចចំណូលគយ និងរដ្ឋាករ តាមផែនការនេះ គឺព្រោះតែការធ្លាក់ចុះជាគំហុកនៃការនាំចូលរថយន្ត និងគ្រឿងចក្រដែលជាប្រភពចំណូលគយដ៏សំខាន់។ ទន្ទឹមនឹងគ្នានេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន ជាមួយនឹងដៃគូផ្សេងទៀត បានធ្វើឱ្យបាត់បង់ចំណូលគយ ជាង៤០០លានដុល្លារ ប្រចាំឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ ស្លាកស្នាមនៃវិបត្តិកូវីដ-១៩ ជាសកល នៅតែបន្តប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជា និងការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន, ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ, ការបន្តប្រកាន់យកគោលនយោបាយគាំពារនិយម និងសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាសកល និងកម្ពុជាផងដែរ។ ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយថ្លៃថាមពលអគ្គិសនី ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងភាពប្រកួតប្រជែងរបស់កម្ពុជា បានប៉ះពាល់ចំណូលគយ ប្រមាណ១៥៧ប៊ីលានរៀល(ប្រមាណ៣៨លានដុល្លារ)។ នេះជាការរៀបរាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កំណើនផលិតផលក្នុងស្រុកមួយចំនួន ត្រូវបានជំនួសដោយការនាំចូល ដូចជា ការផលិតស៊ីម៉ងត៍ ភេសជ្ជៈគ្មានជាតិសុរា ស្រាបៀរ និងបារីជាដើម ក៏បានប៉ះពាល់ចំណូលគយប្រមាណ ១ ៦១៤ប៊ីលានរៀល (ប្រមាណ៣៩០លានដុល្លារ)។ សម្រាប់ភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ក៏អាចនឹងគំរាមកំហែងដោយផ្ទាល់ និងប្រយោលទៅដល់ការប្រមូលចំណូលពន្ធលើវិស័យពាក់ព័ន្ធនានា រួមនឹងហានិភ័យផ្សេងៗទៀត ដែលកំពុងកើតមានសព្វថ្ងៃ។
តាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រមូលថវិការដ្ឋក្នុងឆ្នាំ២០២៣ អាចសម្រេចបានទំហំទឹកប្រាក់ប្រមាណ៦ ៧៩១ លានដុល្លារ ស្មើនឹង៩៩ភាគរយ ខណៈការចំណាយសម្រេចក្នុងទំហំទឹកប្រាក់ប្រមាណ ៧ ២០០លានដុល្លារ ស្មើនឹង ៩៧ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៣។ ផ្អែកតាមការអនុវត្តចំណូល-ចំណាយរបស់រដ្ឋាភិបាល រហូតដំណាច់ឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា មានឱនភាពថវិកាជាតិក្នុងរង្វង់៤០០លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច បានបង្ហាញក្នុងលទ្ធផលនៃការអនុវត្តថវិកា ឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ថា ដើម្បីបំពេញតុល្យភាពថវិកានេះ រដ្ឋគ្រោងប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនរហូតដល់៦០០លានដុល្លារ។
បើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាក់សន្សំដែលរដ្ឋាភិបាលគ្រោងប្រើប្រាស់នេះ ដោយសារកម្ពុជាបន្តរងនូវឥទ្ធិពលវិជ្ជមាននានាពីសកលលោក ដូចជា វិបត្តិនៃជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនូវអតិផរណា ជាដើម។ បញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវដោះស្រាយ ខណៈរដ្ឋបានចាយថវិកាជាតិច្រើន ទៅលើការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២,អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ជាដើម នៅឆ្នាំនេះ។
លោក មាស សុខសេនសាន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី៨សីហា យ៉ាងដូច្នេះ៖« ប្រាក់សន្សំ៦០០លានដុល្លារនេះ គឺជាការបំពេញបន្ថែមរបស់រដ្ឋាភិបាលដើម្បីចាក់ចូលក្នុងកញ្ចប់ថវិកាសម្រាប់ធ្វើអន្តរាគមន៍នានា ដូចដែលយើងបានអន្តរាគមន៍កន្លងមកនៅក្នុងពេលមានជំងឺកូវីដ-១៩ និងអតិផរណា គឺយើងបន្តជួយប្រជាពលរដ្ឋ»។
ថវិកាសន្សំដែលរដ្ឋាភិបាលគ្រោងចំណាយនេះ គឺប្រើប្រាស់ក្នុងគោលដៅលើកស្ទួយសេដ្ឋកិច្ចក្នុងវិបត្តិផង និងការអន្តរាគមន៍ជួយប្រជាពលរដ្ឋ ផង។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះបន្តនិយាយថា៖ «ហេតុដែលយើងទាមទារឱ្យមានការបន្ថែមថវិកានេះ គឺដោយសារតែចំណូលចរន្តថ្នាក់ជាតិរបស់យើង មិនអាចឆ្លើយតបគ្រប់គ្រាន់សម្រាប់ការចំណាយបន្ថែមក្នុងការអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជាកិច្ចអាទិភាពរបស់រដ្ឋាភិបាល»៕