Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសេដ្ឋកិច្ចព្យាករថា ការប្រមូលចំណូលគយនឹងសម្រេចបាន៩០% នៃផែនការឆ្នាំនេះ, ហេតុអ្វី?

Media LNN | Aug 10, 2023
ក្រសួងសេដ្ឋកិច្ចព្យាករថា ការប្រមូលចំណូលគយនឹងសម្រេចបាន៩០% នៃផែនការឆ្នាំនេះ, ហេតុអ្វី?
Clinic narith

(ភ្នំពេញ)៖ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅឆមាសទី១ឆ្នាំ២០២៣ សម្រេចបានជាង១ពាន់១រយលានដុល្លារ ធ្លាក់ចុះប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការធ្លាក់ចុះចំណូលនៅក្នុងឆមាសទី១នេះ បានជំរុញឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្យាករថា ចំណូលរបស់ស្ថាប័ននឹងសម្រេចបានតែត្រឹម៩០% នៃច្បាប់គ្រប់គ្រងហិរញ្ញវត្ថុប៉ុណ្ណោះនៅឆ្នាំនេះ។ តើមានកត្តាអ្វីខ្លះនាំឱ្យការប្រមូលចំណូលពន្ធគយ និងរដ្ឋាករមិនអាចសម្រេចបានគ្រប់ផែនការប្រចាំឆ្នាំយ៉ាងដូច្នេះ?

តាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករសម្រេចបានចំនួនជាង១ពាន់១រយលានដុល្លារថយចុះប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ឬស្មើនឹង៤១,៨% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ធ្លាក់ចុះចំណូលរបស់គយនេះ ត្រូវបានក្រសួងសេដ្ឋកិច្ចអះអាងថា គឺបណ្តាលមកពីមានការងើបឡើងយឺតនៃតម្រូវការប្រើប្រាស់ ជាពិសេសទីផ្សាររថយន្ត និងម៉ូតូមានការធ្លាក់ចុះខ្លាំង។

ទន្ទឹមនឹងនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ានជាមួយដៃគូអាស៊ានផ្សេងទៀត ក៏បានធ្វើឱ្យចំណូលគយនិងរដ្ឋាករបានបាត់បង់ផងដែរ តួយ៉ាងនៅឆមាសទី១នេះ ចំណូលបាត់បង់សរុបមានចំនួនជាង២០០លានដុល្លារ កើនឡើងជិត១៥ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

បើតាមក្រសួងសេដ្ឋកិច្ច និន្នាការថយចុះនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅឆមាសទី១ឆ្នាំនេះ ត្រូវបានប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំនេះថា ការប្រមូលចំណូលគយ និងរដ្ឋាករអាចនឹងសម្រេចបានត្រឹមតែប្រមាណ៩០% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ប៉ុណ្ណោះ។ ការមិនអាចសម្រេចបានគ្រប់ផែនការយ៉ាងដូច្នេះ ក៏ដោយសារតែចំណូលមុខទំនិញយានយន្ត និងគ្រឿងចក្របានធ្លាក់ចុះខ្លាំង និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ាន ជាមួយនឹងដៃគូអាស៊ានផ្សេងទៀត ធ្វើឱ្យប៉ះពាល់ដល់ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលតាមការប៉ាន់ស្មានមានការបាត់បង់ចំណូលរហូតដល់ជាង៤០០លានដុល្លារ សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

បើពិនិត្យលើប្រភពចំណូលសំខាន់ៗនៅឆមាសទី១នេះឃើញថា ចំណូលពីមុខទំនិញចម្រុះ គឺមានប្រមាណ៣៤% នៃចំណូលសរុប ខណៈចំណូលពីមុខទំនិញយានយន្ត និងគ្រឿងចក្រមានជាង៣៤%, ចំណូលពីមុខទំនិញផលិតផលតេលសិលាមានជាង២៤%, ចំណូលពីមុនទំនិញគ្រឿងសំណង់មានជាង៥% និងកម្រៃ និងចំណូលផ្សេងៗទៀតមានប្រមាណ២% នៃចំណូលសរុប។

ដោយឡែកការប្រមូលចំណូលពន្ធដារនៅឆមាសទី១នេះវិញ សម្រេចបានជាង១ពាន់៦រយលានដុល្លារ កើនឡើង១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ឬស្មើនឹង៥៦,១%នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ ចំណូលពន្ធដារអាចនឹងសម្រេចបានប្រមាណ១០៧,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣៕