(ភ្នំពេញ)៖ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបជាង ២៧ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ ខណៈការនាំចូលមានចំនួនជាង ១៤ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ នេះ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ២៧ ពាន់លានដុល្លារ ថមថយចុះក្នុងរង្វង់ប្រមាណជាង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២ ។
ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ នេះ មានទំហំទឹកជាង ១៣ពាន់លានដុល្លារ ថយចុះជិត ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២, ចំណែកប្រទេសសំខាន់ៗដែលកម្ពុជានាំចេញមាន៖ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ៥ពាន់លានដុល្លា, វៀតណាមជាង ១,៥ពាន់លានដុល្លារ, ចិន ៨១៤ លានដុល្លារ, ជប៉ុន ៥៦៦ លានដុល្លារ, ថៃជាង ៥៧៥ លានដុល្លារ, អាល្លឺម៉ង់ ៥១១ លានដុល្លារ, កាណាដា ៤៩៦ លានដុល្លារ, សិង្ហបុរីជាង ៤៤៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការទំនិញនាំចេញនៅក្នុងរយៈពេលនេះដែររួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, ម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំផ្សេងជិត ២ ពាន់លានដុល្លារ, សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ជាង ១,៤ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក វត្ថុធ្វើពីរោម គ្រឿងប្រដាប់ប្រដារសម្រាប់ធ្វើដំណើរ និងបរិក្ខាផ្សេងៗ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចេញមុខទំនិញសំខាន់ៗជាច្រើនទៀតដូចជា ធញ្ញជាតិ, ស្បែកជើង ស្រោមជើង, គ្រឿងសង្ហារិម, កៅស៊ូ, និងផ្លែឈើជាដើម ។
ចំណែកការនាំចូលវិញ សម្រាប់រយៈពេល ៧ខែនេះដែរ ការនាំចូលទំនិញមកទីផ្សារកម្ពុជា មានទំហំទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ ថមថយចុះជាង ២៥ ភាគរយ ក្នុងនោះចំពោះទំនិញនាំចូលរួមមាន៖ ការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៦,២ ពាន់លានដុល្លារ, វៀតណាមជាង ២ ១២៧ លានដុល្លារ, ថៃ ១,៦ពាន់លានដុល្លារ, ឥណ្ឌូនេស៊ី ៦៤៧ លានដុល្លារ, សិង្ហបុរី ៤៤៣ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕