(ភ្នំពេញ)៖ ៧ខែមកនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារពិភពលោក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ។ ទំហំនេះគឺធ្លាក់ចុះ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ខែមករា ដល់ខែកក្កដា ការនាំទំនិញចេញរបស់កម្ពុជា គឺសម្រេចបានតម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១,៨ភាគរយ ខណៈការនាំចូលវិញ ធ្លាក់ដល់២៥,៦ភាគរយ ពោល គឺសម្រេចបានក្នុងទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ ។
ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺប្រទេសចិន។ ប្រទេសទាំងពីរសម្រេចទំហំពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង១,៨ភាគរយ ដោយក្នុងនោះ កម្ពុជានាំចេញទៅចិន មានជាង៨១៤លានដុល្លារ កើនឡើង១៦,២ភាគរយ និងការនាំចូលមកវិញ មានជាង៧ពាន់លានដុល្លារ កើនឡើងត្រឹម០.១ភាគរយ។
សហរដ្ឋអាម៉េរិកឈរនៅលំដាប់លេខ២ នៃដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ៥,៣ពាន់លានដុល្លារ ថយចុះ៩,៧ភាគរយ។ ចំពោះការនាំចេញរបស់កម្ពុជាទៅទីផ្សារលំដាប់ពិភពលោកមួយនេះ សម្រេចបានជាង៥,១ពាន់លានដុល្លារ ធា្លក់៩,១ភាគរយ ខណៈការនាំចូលក៏ធ្លាក់២៨ភាគរយផងដែរ។
ដៃគូពាណិជ្ជកម្មធំលំដាប់លេខ៣របស់កម្ពុជានោះ គឺប្រទេសវៀតណាម ដែលសម្រេចបានជាង៣,៧ពាន់លានដុល្លារថយ១ភាគរយ។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ១,៥ពាន់លានដុល្លារ កើនឡើង ២០,៦ភាគរយ រីឯការនាំចូលវិញថយចុះ១២,៨ភាគរយ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលបានបង្ហាញថា ក្នុងរយៈពេល៧ខែមកនេះ កម្ពុជា នាំចេញសម្លៀកបំពាក់បានក្នុងតម្លៃ៤,៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីបានជាង១,៨ពាន់លានដុល្លារ, គ្រឿងសង្ហារឹមក្នុងតម្លៃ៥២៣លានដុល្លារ, ធញ្ញជាតិជាង៩១០លានដុល្លារ និងស្បែកជើង ប្រមាណ៨០០លានដុល្លារ៕