Alynana Media Cambodia
Icon Collap
clinic narit

ខេត្ដចំនួន ២ របស់កម្ពុជា ក្លាយជាគោលដៅថ្មីរបស់ចិន សម្រាប់វិនិយោគក្នុងវិស័យកសិកម្ម

Media LNN | Aug 12, 2023
ខេត្ដចំនួន ២ របស់កម្ពុជា ក្លាយជាគោលដៅថ្មីរបស់ចិន សម្រាប់វិនិយោគក្នុងវិស័យកសិកម្ម
Clinic narith

ខេត្ដកំពង់ធំ និងខេត្ដបាត់ដំបង បានក្លាយជាគោលដៅសម្រាប់ការវិនិយោគរបស់ចិនលើវិស័យកសិកម្ម ដែលត្រូវការផ្ទៃដីជាច្រើនហិកតា។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំក្រុមហ៊ុនវិនិយោគចិន ជួបជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ ដែលរួមមានការដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅចំណីសត្វជាដើម។
366210097 600276788948228 495492409046783633 N

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ជំនួបពិភាក្សាការងារថ្ងៃនេះ ជាលើកទី ០២ហើយ ដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ សម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀត ជាមួយរដ្ឋបាលខេត្តកំពង់ធំ។ ហើយដំណឹងដ៏រីករាយនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន ។

ឯកឧត្តម ងួន រតនៈ មានសង្ឃឹមជឿជាក់ថា ជំនួបពិភាក្សាគ្នាថ្ងៃនេះ នឹងចេញផ្លែផ្កា ទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះ ជាពិសេស បានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្ត រងចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច។
366083137 669801681848511 7096572781302951727 N

ជាមួយគ្នានេះ នៅថ្ងៃទី១០ ខែសីហា ឯកឧត្ដម ដូង តារា ក៏បានដឹកនាំក្រុមហ៊ុនវិនិយោគចិន ជួបជាមួយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបន្ដទៀតផងដែរ ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្ដមួយនេះ។

នៅក្នុងជំនួបនោះ ឯកឧត្តម ដួង តារា បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគិនមកស្វែងរកការវិនិយោគនៅខេត្ដបាត់ដំបង ដោយសារតែខេត្តបាត់នេះគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។
366296453 669801685181844 4363060213682900038 N

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង។  ឯកឧត្ដមលើកឡើងថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ ៕
366338671 669801791848500 331248684033900057 N