Alynana Media Cambodia
Icon Collap
clinic narit

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទំហំជាង ៧ពាន់លានដុល្លារ មានកំណើនជិត២% នៅ៧ខែឆ្នាំនេះ

Media LNN | Aug 14, 2023
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទំហំជាង ៧ពាន់លានដុល្លារ មានកំណើនជិត២% នៅ៧ខែឆ្នាំនេះ
Clinic narith

ដ្បិតស្ថានភាពនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ ហាក់មិនទាន់បង្ហាញសញ្ញាណវិជ្ជមាននៅឡើយ ប៉ុន្តែសម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិន នៅតែបង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅរយៈពេល ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៧ពាន់លានដុល្លារ មានកំណើនជិត ២% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ជាង ៨០០លានដុល្លារ កើនជាង១៦% ខណៈការនាំចូលពីចិនមកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើន ០,១%។ ជុំវិញទំនាក់ទំនងរវាងកម្ពុជា-ចិននេះ ដែរ ឆ្នាំ២០២៣នេះ កម្ពុជា និងចិន នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី ហើយនៅចុងសប្ដាហ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ ដែលវាជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនងការទូត សេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែខ្លាំងក្លាថែមទៀត។
China trade increases by 37% to pass $11B in 2021 | Phnom Penh Post

បើតាមការគូសបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង បន្ទាប់មកប្រមុខការទូតចិនជាន់ខ្ពស់រូបនេះ នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចាំផ្ទះ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងនៃកម្ពុជា។ កិច្ចពិភាក្សាទាំងនេះនឹងផ្ដោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។ បន្ថែមពីនេះ លោក វ៉ាង យី ក៏នឹងមានជួបជាមួយនឹងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀតផងដែរ។

ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិននៅជាក់ពាក់កណ្ដាលឆ្នាំ២០២៣នេះ វិញ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា កំពុងមានកំណើនវិជ្ជមានឡើងវិញគួរឲ្យកត់សម្គាល់ បើទោះបីជា វិបត្តិសាកលនៅតែជាបញ្ហាប្រឈមក្នុងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិក្ដី។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានកំណើននៅ៧ខែដើមឆ្នាំនេះ ដោយសារភាគីទាំង២ មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយារមកហើយ។ ម្យ៉ាងវិញទៀត តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ដូចជា កិច្ចព្រមព្រៀង RCEP ជាដើម ដែលបានធ្វើឲ្យការធ្វើពាណិជ្ជកម្មកម្ពុជា និងចិន នៅតែល្អប្រសើរ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការអនុវត្តនូវកិច្ចព្រមព្រៀងនៅក្នុងក្របខណ្ឌ RCEP មិនត្រឹមតែធ្វើឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា-ចិន បន្តមានកំណើន ប៉ុណ្ណោះទេ តែការអនុវត្តនូវកិច្ចព្រមព្រៀងនេះ ក៏ជំរុញឲ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ឲ្យកាន់តែប្រសើរដែរ។
Report: China's share of global trade growth to plunge in next 5 years - FreightWaves

សូមជម្រាបថា នៅ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់សរុបជាង ២៧ពាន់លានដុល្លារធ្លាក់ចុះជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារធ្លាក់ចុះ ១,៨% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមានទំហំជាង ១៤ពាន់លានដុល្លារ ធ្លាក់ចុះជាង ២៥%។ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ កើនឡើងជិត២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចិន មានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈការដោះដូរពាណិជ្ជកម្មជាមួយប្រទេសទីផ្សារធំៗដទៃទៀតដូចជា វៀតណាម ថៃ និងជប៉ុន គឺសុទ្ធតែមានការធ្លាក់ចុះដូចគ្នា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕