យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម អាម៉េរិកទើបតែបានប្រកាសបើកទីផ្សារជាផ្លូវការសម្រាប់ដូងវៀតណាម។ ក្រុមហ៊ុននាំចេញដូងរបស់វៀតណាមអាចនាំចេញភ្លាមៗ។
នាយកដ្ឋានការពាររុក្ខជាតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នៅថ្ងៃទី៧ ខែសីហា បានបញ្ជាក់ថា ខ្លួនទើបតែទទួលបានសេចក្តីជូនដំណឹងមួយពី US Plant Quarantine Service (APHIS) ជុំវិញការនាំចូលដូងរបស់វៀតណាម។
បើតាមលទ្ធផលនៃការវាយតម្លៃ APHIS បង្ហាញថា ដូងរបស់វៀតណាមបំពេញតាមតម្រូវការរបស់អាម៉េរិក សម្រាប់ផលិតផលកែច្នៃ និងមានហានិភ័យតិចតួច ក្នុងការរីករាលដាលសត្វល្អិតរុក្ខជាតិ។ ដូច្នេះ វៀតណាមអាចនាំដូងទៅអាម៉េរិកបានភ្លាមៗ។
មុននេះ ភាគីអាម៉េរិកបានបញ្ជូនលទ្ធផលនៃការវិភាគហានិភ័យសត្វល្អិត ចំពោះដូងស្រស់របស់វៀតណាម ក្នុងនោះសត្វល្អិតចំនួន ៤៣ប្រភេទនៅលើដើមដូង ត្រូវបានគេកំណត់អត្តសញ្ញាណ។
ដូច្នេះ តម្រូវការអនាម័យសម្រាប់ការដឹកជញ្ជូនទំនិញ នឹងធ្វើឡើងតែនៅច្រកចូលរបស់អាម៉េរិកប៉ុណ្ណោះ។ ភាគីអាម៉េរិកក៏មិនទាមទារលក្ខខណ្ឌតឹងរ៉ឹងផ្សេងទៀត ដូចជាការបង្កើនលេខកូដតំបន់ ឬការបញ្ជាក់អំពីដំណើរការផលិត។
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលដាំដូងច្រើនជាងគេបំផុតទាំង ១០ នៅលើពិភពលោក ដែលបច្ចុប្បន្នមានផ្ទៃដីដាំដូងប្រហែល ២០០ពាន់ហិកតា ជាមួយនឹងទិន្នផលប្រហែល ២លានតោន ដែលប្រមូលផ្តុំភាគច្រើននៅក្នុងខេត្តឆ្នេរកណ្តាល និងដីសណ្តទន្លេមេគង្គ ដូចជាត្រាវិញ និងប៊ែនជែ ។ វៀតណាមក៏ជាប្រទេសទី៧ក្នុងពិភពលោកខាងក្នុងការផលិតដូងផងដែរ។
នៅឆ្នាំ ២០២២ ការនាំចេញដូងរបស់វៀតណាមនឹងកើនឡើងដល់ ៩០០លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសនាំចេញផលិតផលដូងច្រើនជាងគេទី៤ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅពីអាម៉េរិក វៀតណាមក៏កំពុងចាប់ដៃគូនាំចេញដូងទៅចិន៕