Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់រូប្លិ៍ធ្លាក់ថ្លៃទាបបំផុត ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន

Media LNN | Aug 15, 2023
ប្រាក់រូប្លិ៍ធ្លាក់ថ្លៃទាបបំផុត ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន
Clinic narith

តម្លៃប្រាក់រូប្លិ៍នៅឆ្នាំនេះបានធ្លាក់ចុះ ២៥ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េរិក ។ នៅថ្ងៃទី១៤ ខែសីហា អត្រាប្តូរប្រាក់ដុល្លារ ១ដុល្លារប្តូរបាន ១០០,៧រូប្លិ៍ ដែលនេះជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ មានអត្រាលើស ១០០រូប្លិ៍ក្នុងមួយដុល្លារ។

ប្រាក់រូប្លិ៍បានបាត់បង់តម្លៃ២៥ភាគរយបើធៀបនឹងប្រាក់ដុល្លារអាម៉េរិកនៅឆ្នាំនេះ ហើយជារូបិយ័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណបីដែលមានការប្រែប្រួលដ៏អាប់អួរបំផុតរួមទាំងប្រាក់លីរ៉ារបស់តួកគី និងប្រាក់ប៉េសូអាហ្សង់ទីន។ 

ប្រាក់រូប្លិ៍បានចុះខ្សោយនៅក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ដែលក្រោយមកមានការដាក់ទណ្ឌកម្មដោយបស្ចិមប្រទេសលើការលក់ប្រេងរបស់រុស្ស៊ី បានកាត់បន្ថយប្រាក់ចំណូលនាំចេញរបស់ប្រទេសនេះយ៉ាងខ្លាំង។ 

តួលេខចុងក្រោយរបស់ធនាគារកណ្តាលរុស្ស៊ីបង្ហាញថា ការនាំចេញប្រេង និងឧស្ម័នរបស់ប្រទេសនេះបានថយចុះមកត្រឹម ៦,៩ពាន់លានដុល្លារក្នុងខែកក្កដា ដែលធ្លាក់ចុះពី ១៦,៨ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបន្ធូរបន្ថយការគ្រប់គ្រងមូលធនក៏បានធ្វើឱ្យលំហូរប្រាក់ចេញពីរុស្ស៊ីកាន់តែខ្លាំង។

ទេសាភិបាលធនាគារកណ្តាលរុស្ស៊ីលោកស្រី Elvira Nabiullina ជារឿយៗបានថ្លែងថា  បរិយាកាសពាណិជ្ជកម្មបរទេសកាន់តែយ៉ាប់យ៉ឺន គឺជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះនៃប្រាក់រូប្លិ៍។ លោកស្រីបានច្រានចោលនូវចេតនាធ្វើអន្តរាគមន៍គាំទ្រអត្រាប្តូរប្រាក់។ 

ចំណែកលោក Alexey Zabotkin ទេសាភិបាលរងធនាគារកណ្តាលរុស្ស៊ីមើលឃើញថាមិនមានហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុពីការធ្លាក់ចុះនៃប្រាក់រូប្លិ៍ឡើយ ។ លោកបន្តថា ធនាគារនឹងនៅបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយអត្រាប្តូរប្រាក់ធូររលុង ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិយាកាសខាងក្រៅដែលងាយមានហានិភ័យ ។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលរុស្ស៊ីថាខ្លួននឹងបញ្ឈប់ការទិញរូបិយប័ណ្ណបរទេសនៅក្នុងទីផ្សារក្នុងស្រុក ដើម្បីអនុវត្តយន្តការថវិកាដើម្បីជួយសេដ្ឋកិច្ចជៀសវាងការខូចខាតពីការប្រែប្រួលនៃតម្លៃទំនិញ។ ការ​សម្រេច​ចិត្ត​នេះ​មាន​គោល​បំណង​កាត់​បន្ថយ​ភាព​ប្រែប្រួល​ជាមួយ​ទីផ្សារ​ហិរញ្ញវត្ថុ។

លោក Alexander Isakov សេដ្ឋវិទូនៅ Bloomberg Economics បាននិយាយថា ដើម្បីរក្សាស្ថិរភាពប្រាក់រូប្លិ៍ អត្រាការប្រាក់យោងត្រូវមានជិត ១០ភាគរយ ។ ការចំណាយថវិកាសហព័ន្ធក៏ត្រូវតែរក្សាទុកនៅក្រោមពិដានកំណត់ផងដែរ។

យ៉ាងណាមិញ ប្រាក់រូប្លិ៍អាចទទួលបានអត្ថប្រយោជន៍ពីតម្លៃប្រេងឆៅខ្ពស់ ប៉ុន្តែគោលនយោបាយរូបិយវត្ថុក្នុងស្រុកគឺជាមូលដ្ឋានគ្រឹះសម្រាប់រូបិយប័ណ្ណនេះ៕