Alynana Media Cambodia
Icon Collap
clinic narit

តើកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីអាចស្តារ និងធានាបាននូវភាពប្រកួតប្រជែងក្នុងវិស័យវាយនភណ្ឌកាត់ដេរ?

Media LNN | Aug 15, 2023
តើកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីអាចស្តារ និងធានាបាននូវភាពប្រកួតប្រជែងក្នុងវិស័យវាយនភណ្ឌកាត់ដេរ?
Clinic narith

វិស័យវាយនភណ្ឌកាត់ដេរ គឺជាវិស័យដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នការបញ្ជាទិញនៅក្នុងវិស័យនេះហាក់មិនសូវមានភាពល្អប្រសើរនោះទេ ពោលគឺនៅតែបន្តធ្លាក់ចុះ។

ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC)អះអាងថា ការបញ្ជាទិញធ្លាក់ចុះនេះ ក៏ដោយសារបញ្ហាសេដ្ឋកិច្ចសកល គួបផ្សំកម្ពុជាមានចំណុចខ្វះខាតច្រើនលើការប្រកួតប្រជែងនៅក្នុងវិស័យនេះ ដែលទាមទារឱ្យកម្ពុជាចាំបាច់ត្រូវដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ ដើម្បីអាចស្តារ និងធានាបាននូវភាពប្រកួតប្រជែងក្នុងវិស័យនេះ។ ទន្ទឹមនឹងនេះកម្ពុជាស្នើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដូចជា GSP និង EBA ដល់កម្ពុជា និងស្នើឲ្យវិនិយោគិនជាតិ និងអន្តរជាតិវិនិយោគលើវិស័យគាំទ្រដល់វិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) នៅក្នុងកិច្ចពិភាក្សានៃវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ នាថ្ងៃទី១១សីហា បានគូសបញ្ជាក់ថា មកទល់ពេលនេះការនាំចេញផលិតផលនៅក្នុងវិស័យកាត់ដេរមិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយទេ។

ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៣ ការនាំចេញផលិតផលទាំងនេះបន្តធ្លាក់ចុះជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺដោយសារការធ្លាក់ចុះនៃការបញ្ជាទិញ ដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចសកលធ្លាក់ចុះ។

ត្រង់ចំណុចនេះ ប្រធាន TAFTAC រូបនេះបានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនៃការបញ្ជាទិញនេះ មិនមែនមកពីមិនមានការបញ្ជាទិញនោះទេ គឺដោយសារនៅក្នុងវិស័យកាត់ដេរកម្ពុជានៅខ្វះការប្រកួតប្រជែងខ្ពស់ ដោយមិនអាចប្រកួតប្រជែងតម្លៃជាមួយបណ្តាប្រទេសដ៏ទៃបាន ដែលធ្វើបានឱ្យអ្នកបញ្ជាទិញរត់ទៅរកប្រទេសណាដែលមានតម្លៃទាបជាង។ ការធ្លាក់ចុះនេះត្រូវបានលោកឧកញ៉ា គង់ សាង វាយតម្លៃថា វាអាចនឹងបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ២០២៣ ហើយអ្នកជំនាញរូបនេះមិនមានក្តីរំពឹងខ្ពស់ទេថា ការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជានឹងអាចត្រលប់មកមានកំណើនវិជ្ជមានឡើងវិញបាននៅចុងឆ្នាំ២០២៣នេះនោះទេ ដ្បិតថាវិបត្តិសេដ្ឋកិច្ចសកល ពិសេសនៅសហរដ្ឋអាម៉េរិក និង អឺរ៉ុប ដែលជាទីផ្សារបញ្ជាទិញច្រើនពីកម្ពុជានៅតែបន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។

សម្រាប់ឧកញ៉ា គង់ សាង ដើម្បីស្តារ និងបង្កើនការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក កម្ពុជាចាំបាច់ត្រូវដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជាតម្លៃពលកម្ម និងផលិតភាពការងារ ដែលនៅតែមានកម្រិត ដែលទាមទាឱ្យមានការបណ្តុះបណ្តាលជំនាញបន្ថែម។ តម្លៃភស្តុភារកម្មខ្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម បរិយាកាសវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មគាំទ្រនៅមានកម្រិតក៏ជាបញ្ហាដែលទាមទារឲ្យកម្ពុជាត្រូវដោះស្រាយផងដែរ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំ TAFTAC រូបនេះ សង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលអាណត្តិថ្មីនឹងជួយគាំទ្រ និងកែទម្រង់លើបញ្ហានេះ ដើម្បីបង្កើតភាពប្រកួតប្រជែងក្នុងវិស័យកាត់ដេរ ដែលជាវិស័យនៃបេះដូងសេដ្ឋកិច្ចមួយនេះ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ ឧកញ៉ា គង់ សាង វិស័យកាត់ដេរនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា តួយ៉ាងនៅក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញរបស់កម្ពុជាក្នុងវិស័យនេះសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ១២ពាន់៥រយលានដុល្លារ។ បើគិតត្រឹម ដើមខែសីហា កម្ពុជាមានរោងចក្រដែលបម្រើឱ្យការនាំចេញក្នុងវិស័យកាត់ដេរសរុបចំនួន១ ០៧៧រោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណជិត៨០ម៉ឺននាក់៕