ការប៉ុនប៉ងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការគ្រប់គ្រងអតិផរណាដោយដំឡើងអត្រាការប្រាក់ បានបង្កើនបន្ទុកក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជន ដោយជំរុញឱ្យមានកូដកម្មដ៏ធំនៅគ្រប់វិស័យ ដែលបណ្តាលឱ្យចំនួនអ្នកគ្មានផ្ទះសម្បែង និងអត្រាឧក្រិដ្ឋកម្មកើនឡើង ដោយនាំទៅដល់ការបិទអាជីវកម្មតាមបែបប្រពៃណីជាច្រើនផងដែរ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃទី២៥ ខែកក្កដា ចំនួនគ្រួសារដែលរស់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន១០៥.០០០គ្រួសារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើងចំនួន១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៩៨មក។
អតិផរណារបស់ចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិត៩,៤ភាគរយនៅក្នុងខែឧសភាឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសន្យាថានឹងកាត់បន្ថយអតិផរណាចំនួនពាក់កណ្តាលនៅចុងឆ្នាំនេះ ដែលហាក់ដូចជាការប៉ុនប៉ងចុងក្រោយ ដើម្បីពន្យារការគ្រប់គ្រងរបស់គណបក្សអភិរក្ស។
ការស្ទង់មតិចុងក្រោយបានបង្ហាញថា អត្រាគាំទ្ររបស់គណបក្សកាន់អំណាចកំពុងធ្លាក់ចុះ ហើយបក្សនេះអាចនឹងស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយ៕