បន្ទាប់ពីអនុវត្តជោគជ័យនៃការយកពន្ធកម្រិតជាតិផ្អែមនៅក្នុងម្ហូបអាហារ និងភេសជ្ជៈ ថៃគ្រោងនឹងសិក្សាវិធានការប្រមូលពន្ធបន្ថែមទៀតសម្រាប់អាហារដែលមានជាតិប្រៃខ្ពស់ (ពន្ធសូដ្យូម) ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
ថៃគ្រោងនឹងសិក្សាលើការប្រមូលពន្ធសម្រាប់អាហារដែលមានកម្រិតប្រៃខ្ពស់ (ពន្ធសូដ្យូម) ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងវិស័យកែច្នៃអាហារជាមួយកម្រិតសូដ្យូមក្នុងអំបិល ក្នុងគោលដៅធ្វើឱ្យជម្រើសសុខភាពប្រជាជនកាន់តែប្រសើរឡើង។
វិធានការនេះត្រូវបានសិក្សាបន្ទាប់ពីមានការជោគជ័យលើការដាក់ពន្ធកម្រិតជាតិផ្អែមលើភេសជ្ជៈមានជាតិស្ករ ដែលបានអនុវត្តតាំងពីឆ្នាំ ២០១៧។
លោក Ekniti Nitithanprapas ប្រធាននាយកដ្ឋានពន្ធប្រើប្រាស់ពិសេសនៃក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ពន្ធសូដ្យូមនឹងត្រូវដាក់ស្រដៀងគ្នាទៅនឹងពន្ធលើភេសជ្ជៈមានជាតិស្ករ ដែលបង្កើនសមាមាត្រទៅនឹងភាគរយនៃសូដ្យូមដែលបានប្រើប្រាស់។ ពន្ធនេះ នឹងអនុវត្តដោយចាប់ផ្តើមពីមុខម្ហូបមួយចំនួនដូចជា មីកញ្ចប់ អាហារសម្រន់ និងអាហារកក។
បើតាមការសិក្សាវិទ្យាសាស្ត្រ ការទទួលទានជាតិសូដ្យូមច្រើនពេកនាំឱ្យសម្ពាធឈាមឡើងខ្ពស់ និងជំងឺតម្រងនោម។
ប្រជាជនថៃជាមធ្យមប្រើប្រាស់សូដ្យូម ៣៦០០មីលីក្រាមក្នុងមួយថ្ងៃ ដែលជិតពីរដងនៃ ២០០០មីលីក្រាមក្នុងមួយថ្ងៃដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ។
ទម្លាប់នៃការប្រើប្រាស់អំបិលច្រើនក្នុងរបបអាហារ ដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើការចំណាយលើការព្យាបាលវេជ្ជសាស្ត្រ ដែលបច្ចុប្បន្នរដ្ឋាភិបាលថៃចំណាយប្រហែល ៣៦ ពាន់លានបាត (ជាង ១ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំលើថវិកាសុខភាពរួមទាំងតម្លៃនៃការព្យាបាលលាងឈាម។
ដូច្នេះហើយក្រសួងហិរញ្ញវត្ថុថៃ គ្រោងនឹងធ្វើការជាមួយក្រសួងសុខាភិបាលដើម្បីរួមគ្នាកំណត់ស្តង់ដារសម្រាប់ការទទួលទានជាតិសូដ្យូមប្រចាំថ្ងៃ។
កន្លងមក ការអនុវត្តពន្ធលើកម្រិតផ្អែមចំពោះភេសជ្ជៈមានជាតិស្ករ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយបរិមាណស្ករដែលប្រើប្រាស់ដោយប្រជាជនថៃ៕