អាម៉េរិក និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រអំឡុងទស្សនកិច្ចប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅពាក់កណ្តាលខែកញ្ញា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Politico នៅថ្ងៃទី១៨ ខែសីហា។
កិច្ចព្រមព្រៀងអាម៉េរិក-វៀតណាម នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មីដែលនឹងជួយវៀតណាមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់របស់ខ្លួនរួមទាំងការផលិតសឺមីកុងឌុចទ័រ និងបញ្ញាសិប្បនិម្មិត។
យ៉ាងណាមិញ គម្រោងទស្សនកិច្ចនៅវៀតណាម មិនទាន់កំណត់ជាក់លាក់នៅឡើយ។ លោក ចូ បៃឌិន ក៏កំពុងថ្លឹងថ្លែងចំពោះដំណើរទស្សនកិច្ចនៅខែកញ្ញាទៅវៀតណាម ដែលអាចធ្វើស្របគ្នានឹងការចូលរួមប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី និងកិច្ចប្រជុំ G20 នៅឥណ្ឌា។
នៅដើមខែសីហា លោក បៃឌិន បង្ហើបថា លោកនឹងធ្វើដំណើរទៅកាន់វៀតណាមក្នុងពេលដ៏ខ្លី ដោយសារប្រទេសនេះចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយអាម៉េរិក និងក្លាយជាដៃគូដ៏សំខាន់។
គួរបញ្ជាក់ថា នៅក្នុងជំនួបមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានសម្តែងពីបំណងចង់ធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់អាស៊ីដើម្បីទប់ទល់នឹងចិនដែលមានឥទ្ធិពលតែខ្លាំងឡើង៕