Alynana Media Cambodia
Icon Collap
clinic narit

អាមេរិកនឹងចាប់ផ្ដើមយកពន្ធនាំចូលលើផលិតផលថាមពលពន្លឺព្រះអាទិត្យពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកុំឱ្យក្រុមហ៊ុនចិនគេចពន្ធបាន

Media LNN | Aug 22, 2023
អាមេរិកនឹងចាប់ផ្ដើមយកពន្ធនាំចូលលើផលិតផលថាមពលពន្លឺព្រះអាទិត្យពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកុំឱ្យក្រុមហ៊ុនចិនគេចពន្ធបាន
Clinic narith

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា បានធ្វើការសម្រេចចិត្ត ជាចុងក្រោយថា នឹងយកពន្ធលើការនាំចូលផលិតថាមពលពន្លឺព្រះអាទិត្យ ឬសូឡា ពីក្រុមហ៊ុនថាមពលធំៗមួយចំនួន ដែលបានផលិតរួច រាល់នៅប្រទេសអាស៊ីអាគ្នេយ៍ដើម្បីកុំឱ្យផលិតផលរបស់ចិន ឆ្លៀតឱកាសយកទីតាំងតំបន់នេះ ដើម្បីអាចគេចផុតពីការយកពន្ធរបស់អាមេរិកបាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ទោះយ៉ាងណា ការសម្រេចចិត្តយកពន្ធនាំចូលផលិតផលថាមពលព្រះអាទិត្យពីតំបន់អាស៊ីអាគ្នេយ៍ ដោយសហរដ្ឋអាមេរិកនេះ ក៏ត្រូវបានប្រឆាំងដោយក្រុមហ៊ុនទិញបន្ទះស្រូបពន្លឺព្រះអាទិត្យអាមេរិកផងដែរ ដ្បិតក្រុមហ៊ុនទាំងនេះ មានការពឹងផ្អែកលើផលិតផលបន្ទះសូឡាថោកៗ ដែល ផលិតនៅបរទេស ដើម្បីធ្វើឱ្យគម្រោងរបស់ពួកគេមានភាពប្រកួតប្រជែង។

ប៉ុន្តែចំណាត់ការនេះ គឺជាដំណឹងល្អសម្រាប់ឧស្សាហកម្មផលិតថាមពលសូឡាខ្នាតតូចនៅសហរដ្ឋអាមេរិក ដែលបានតស៊ូប្រកួតប្រជែងជាច្រើនឆ្នាំមកហើយ ជាមួយនឹងទំនិញរបស់ចិន ខណៈឧស្សាហកម្មនេះ កំពុងរីករាយនឹងការវិនិយោគជាថ្មី ដោយសារតែការឧបត្ថម្ភធននៅក្នុងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុដ៏សំខាន់របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

ការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានរកឃើញថា សាខាក្រុមហ៊ុនចិន BYD,Trina Solar, Vina Solar និងក្រុមហ៊ុន Canadian Solar បានគេចពន្ធរបស់អាមេរិក លើបន្ទះសូឡារបស់ចិនតាមរយៈផលិតផលសម្រេចរបស់ពួកគេ ដែលបានយកទៅផ្គុំដំឡើងនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម មុនពេលដឹកជញ្ជូនទៅទីផ្សារអាមេរិក ខណៈដែលប្រទេសទាំងនេះបានផ្គត់ផ្គង់បន្ទះសូឡាប្រហែល៨០% នៅទីផ្សារអាមេរិក។

ប្រភពពីមន្ត្រីអាមេរិកបាននិយាយថា ទីភ្នាក់ងារនេះក៏នឹងដាក់ពន្ធលើក្រុមហ៊ុន New East Solar ផងដែរ ដោយសារក្រុមហ៊ុននេះ បានបដិសេធសហការក្នុងការធ្វើសវនកម្មនៅនឹងកន្លែងធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនផ្សេងទៀត ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសទាំងនោះ អាចរួចការយកពន្ធនេះបាន ដោយអាចស្វែងរកដំណើរការបញ្ជាក់មួយ ដើម្បីបង្ហាញថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងប្រទេសចិន ក្នុងការគេចវេសពន្ធគយអាមេរិកនោះឡើយ។

អាមេរិកបានយកពន្ធនាំចូលរយៈពេលមួយទសវត្សរ៍មកហើយ លើផលិតផលថាមពលសូឡា ដែលផលិតនៅប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មបានរកឃើញថា ក្រុមហ៊ុនចិនកំពុងទទួលបានប្រាក់ឧបត្ថម្ភយ៉ាងពីរដ្ឋាភិបាលចិន ដែលរក្សាតម្លៃរបស់ពួកគេឱ្យនៅទាបជាងតម្លៃទីផ្សារធម្មតា ហើយបញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនក្នុងស្រុកនៅអាមេរិក។

បើទោះជាយ៉ាងណា វិធានការនេះមិនទាន់ចូលជាធរមានភ្លាមៗនេះទេ គឺត្រូវរង់ចាំរហូតដល់ខែមិថុនា ឆ្នាំ២០២៤ទើបអាមេរិកចាប់ផ្ដើមអនុវត្តផែនការនេះ ដោយសារលោក បៃដិន ទុកពេល២ឆ្នាំក្នុងបំណងធានាការផ្គត់ផ្គង់បន្ទះសូឡាឱ្យបានច្រើនខណៈការផលិតក្នុងស្រុកកើនឡើង៕