រដ្ឋាភិបាលប្រទេសឡាវបានសម្រេចអនុម័តដំឡើងប្រាក់ឈ្នួលប្រចាំខែអប្បរមាប្រមាណ២៥%ដល់បុគ្គលិកក្រុមហ៊ុនឯកជនដើម្បីទប់ទល់នឹងការកើនឡើងនៃការចំណាយក្នុងការរស់នៅខណៈប្រជាជនឡាវពិបាកក្នុងការរស់នៅព្រោះទំនិញឡើងថ្លៃខ្លាំងហើយលុយគីបរបស់ឡាវកាន់តែធ្លាក់ថ្លៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានXinhua របស់ចិនបានឲ្យដឹងថារដ្ឋាភិបាលឡាវបានដំឡើងប្រាក់ឈ្នួលប្រចាំខែដល់បុគ្គលិកឯកជនពី១៣០០០០០គីប( ៦៦ដុល្លារ) ទៅ១៦០០០០០គីប(៨២ដុល្លារ) ដើម្បីទប់ទល់ជាមួយនឹងការកើនឡើងនៃការចំណាយក្នុងការស់នៅខណៈអតិផរណានៅក្នុងប្រទេសឡាវនៅតែខ្ពស់ក្នុងអត្រា២៨%។
ការសម្រេចដំឡើងប្រាក់ឈ្នួលប្រចាំខែដល់បុគ្គលិកនេះធ្វើឡើងបន្ទាប់ពីរដ្ឋសភារបស់ប្រទេសឡាវបានប្រជុំពិភាក្សាពីការអនុម័តប្រាក់ឈ្នួលអប្បរិមាកាលពីខែមិថុនាឆ្នាំ២០២៣នេះកន្លងទៅហើយការដំឡើងប្រាក់ឈ្នួលនេះនឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៣នេះ។
ឡាវគឺជាប្រទេសមួយនៅតំបន់អាស៊ានដែលរងគ្រោះខ្លាំងចាប់តាំងពីវិបត្តិសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលធ្វើឲ្យអតិផរណាប្រទេសនេះហក់ខ្ពស់បំផុតរហូតដល់៤០%នៅអំឡុងខែកុម្ភៈឆ្នាំ២០២៣នេះដែលធ្វើឲ្យលុយគីបដែលជារូបិយប័ណ្ណជាតិរបស់ឡាវបានធ្លាក់ថ្លៃយ៉ាងគំហុក។
ដោយសារតែបញ្ហាអតិផរណាឡើងខ្ពស់ហើយប្រាក់គីបធ្លាក់ថ្លៃយ៉ាងគំហុកធ្វើឲ្យប្រជាជនឡាវពិបាកក្នុងការរស់នៅតែព្រោះតែចំណាយមិនគ្រប់គ្រាន់ក្នុងការរស់នៅ។ ដូច្នេះហើយប្រជាជនឡាវមួយចំនួនបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតដើម្បីទៅស្វែងរកការងារធ្វើនៅប្រទេសក្បែរខាងដែលធ្វើឲ្យកម្លាំងពលកម្មនៅប្រទេសនេះកាន់តែតិចទៅ។
ជាក់ស្ដែងនាពេលកន្លងមកប្រជាជនឡាវប្រមាណជាង៣១,៣៩៤នាក់បានចាកចេញពីប្រទេសដើម្បីទៅធ្វើការនៅបរទេសដោយក្នុងនោះមាន៣០,២០០នាក់បានចាកចេញដើម្បីទៅធ្វើការនៅប្រទេសថៃដែលជាប្រទេសសេដ្ឋកិច្ចធំទី២នៅតំបន់អានស៊ាន។
គួរបញ្ជាក់ផងដែរថា ប្រជាជនឡាវជាច្រើនកំពុងមានបញ្ហាហិរញ្ញវត្ថុ រស់នៅក្នុងវិបត្តិបំណុល រហូតដល់អ្នកខ្លះត្រូវកាត់ការចំណាយគ្រប់សព្វ សូម្បីតែលើម្ហូបអាហារប្រចាំថ្ងៃ ពេលខ្លះឈឺលែងហ៊ានទៅព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែលុយដែលរកបានមកមិនអាចផ្គត់ផ្គង់តម្រូវការរបស់ខ្លួននិងគ្រួសារឱ្យបានគ្រប់គ្រាន់ឡើយ៕