Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះជាមួយចិន

Media LNN | Aug 23, 2023
សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះជាមួយចិន
Clinic narith

មន្ត្រីសន្តិសុខហ្វីលីពីនបានឱ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីកំពុងរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូង ស្ថិតភាគខាងលិច នៃសមុទ្រហ្វីលីពីនក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តលើដែនទឹកអន្តរជាតិ ដែលធានាដោយច្បាប់អន្តរជាតិនេះឡើងវិញ ស្របពេលដែលចិនកំពុងអាងយ៉ាងថាជារបស់ខ្លួនផ្តាច់មុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។

សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS America ខណៈដែលប្រទេសជប៉ុននឹងបញ្ជូននាវាចម្បាំងដ៏ធំបំផុតមួយរបស់ខ្លួនគឺនាវាផ្ទុកឧទ្ធម្ភាគចក្រ JS Izumo ។ រីឯកងទ័ពជើងទឹករបស់អូស្ត្រាលីវិញ នឹងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ HMAS Canberra របស់ខ្លួនមកកាន់ហ្វីលីពីនដែរ។ នេះបើយោងតាមទីភ្នាក់ងារAP។

ទោះយ៉ាងណា ហ្វីលីពីននឹងមិនចូលរួមសមយុទ្ធនៅសប្តាហ៍នេះទេ ក៏ព្រោះតែសមត្ថភាពផ្នែកភស្តុភារយោធារបស់ហ្វីលីពីននៅមានកម្រិត ប៉ុន្តែទីក្រុងម៉ានីលនឹងអាចចូលរួមនាពេលអនាគត។ បើតាមប្រភពពីមន្ត្រីហ្វីលីពីនដដែល សមយុទ្ធនេះនឹងឱ្យនាវាផ្ទុកឧទ្ធម្ភាគចក្រទាំងបីធ្វើដំណើររួមគ្នានៅសមុទ្រហ្វីលីពីនខាងលិច និងធ្វើសមយុទ្ធផ្សេងទៀតនៅទីនោះ មុននឹងបន្តដំណើរទៅកាន់ឆ្នេរហ្វីលីពីនដើម្បីជួបសមភាគីហ្វីលីពីន ក្រោយបញ្ចប់សមយុទ្ធ។

គេមិនទាន់ដឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃសមយុទ្ធនេះនោះទេ។ ប៉ុន្តែវាត្រូវបានគេមើលឃើញថា កើតឡើងក្រោយពីមានការប៉ះទង្គិចគ្នារវាងកងឆ្មាំសមុទ្រចិន និងកប៉ាលហ្វីលីពីនកាលពីថ្ងៃទី៥សីហា ដែលឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវាហ្វីលីពីននៅក្នុងផ្លូវទឹកដែលមានជម្លោះជាមួយគ្នា។ បន្ទាប់ពីហេតុការនេះ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីគឺជាប្រទេសដំបូងគេដែលចេញមុខគាំទ្រហ្វីលីពីន និងថ្កោលទោសចិន។

ក្នុងការប៉ះទង្គិចគ្នានោះ មន្ត្រីហ្វីលីពីនថា នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួនប្រាំមួយគ្រឿង រួមជាមួយនាវាជីវពលចំនួនពីរ បានរារាំងទូកស៊ីវិលដែលជួលដោយកងទ័ពជើងទឹកហ្វីលីពីន ដែលបាននិងកំពុងទទួលយកការផ្គត់ផ្គង់ទៅឱ្យកងកម្លាំងហ្វីលីពីនដែលឈរជើងនៅប្រជុំកោះ Thomas Shoal ទីពីរខ្លួន។ ខណៈកងឆ្មាំសមុទ្រចិនបាននិយាយ ចិននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន និងហៅដែនទឹកគ្រប់គ្រងដោយហ្វីលីពីននោះថាRen’ai Jiao។

ចុងក្រោយនេះ យោធាហ្វីលីពីនបាននិយាយកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងព្យាយាមម្តងទៀតដើម្បីផ្តល់ការផ្គត់ផ្គង់សម្ភារៈដល់កងកម្លាំងរបស់ខ្លួននៅក្នុងដែនទឹក Thomas Shoal ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ កងកម្លាំងហ្វីលីពីនបាននិយាយនៅក្នុងេសេចក្តីថ្លែងការណ៍របស់ខ្លួនថា បេសកកម្មនេះគឺដើម្បីបង្ហាញយ៉ាងច្បាស់លាស់នៃការតាំងចិត្ត និងក្រោកឈរប្រឆាំងនឹងការគំរាមកំហែង ការបង្ខិតបង្ខំពីប្រទេសក្បែរខាង និងប្តេជ្ញាគោរពនីតិរដ្ឋ៕