Alynana Media Cambodia
Icon Collap
clinic narit

ចំណូលកំពង់ផែស្វយ័តភ្នំពេញថយចុះជាង៨% ខណៈប្រាក់ចំណេញធ្លាក់ចុះជាង២៤% នៅត្រីមាសទី២

Media LNN | Aug 23, 2023
ចំណូលកំពង់ផែស្វយ័តភ្នំពេញថយចុះជាង៨% ខណៈប្រាក់ចំណេញធ្លាក់ចុះជាង២៤% នៅត្រីមាសទី២
Clinic narith

(ភ្នំពេញ)៖ កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជិត ៩លានដុល្លារអាមេរិក នៅត្រីមាសទី២ឆ្នាំ២០២៣នេះមានការធ្លាក់ចុះជាង៨% បើធៀបនឹងត្រីមាសទី២ កាលពីឆ្នាំ២០២២។ ក្នុងនោះ ប្រាក់ចំណេញសុទ្ធដែលកំពង់ផែនេះទទួលបាន ក៏មានការធ្លាក់ចុះដូចគ្នាដែរ ដោយមានត្រឹមតែជាង ២លាន៧សែនដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជាង២៤% បើធៀបនឹងប្រាក់ចំណេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការថយចុះនូវប្រាក់ចំណូលរបស់កំពុងផែស្វយ័តភ្នំពេញនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនមើលឃើញថា វាស្របគ្នាទៅនឹងការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិនាពេលបច្ចុប្បន្នដែរ ដែលបណ្តាលមកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន វិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងនូវអតិផរណា និងការកាត់បន្ថយការបញ្ជាទិញទំនិញពីខាងសហគមអឺរ៉ុបជាដើម។

របាយការណ៍ប្រចាំត្រីមាសទីរបស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញឲ្យឃើញថា នៅត្រីមាសទី២ឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួនត្រឹមតែជិត៩លានដុល្លារប៉ុណ្ណោះ ថយចុះប្រមាណ៩សែនដុល្លារ ឬស្មើនឹងជាង៨% បើធៀបនឹងត្រីមាសទី២កាលពីឆ្នាំ២០២២ ដែលចំនួននេះស្មើនឹង២០,៦៨% នៃការគ្រោងផែនការឆ្នាំ២០២៣។ ការថយចុះនៃចំណូលសរុបនេះ ឯកឧត្តម ហ៊ឺ បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា គឺបណ្តាលមកពីការថយចុះនៃចំណូលប្រតិបត្តិការផែ ក៏ដូចជាចំណូលលើកដាក់ក្រោមដងយោង ចំណូលលើកដាក់លើទីលាន ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងតឺន័រ ចំណូលពីការដឹកជញ្ជូន និងចំណូលពីសេវាភស្តុភារកម្មជាដើម។

បើតាមកំពង់ផែស្វយ័តភ្នំពេញ ទន្ទឹមនឹងចំណូលសរុបថយចុះ ប្រាក់ចំណេញសុទ្ធដែលកំពង់ផែនេះ ទទួលបាននៅត្រីមាសទី២ ក៏មានការថយចុះគួរឱ្យកត់សម្កាល់ផងដែរ ពោលគឺមានត្រឹមតែជាង២លាន៧សែនដុល្លារ ថយចុះជាង៩សែនដុល្លារ ឬស្មើនឹងជាង២៤% បើធៀបនឹងត្រីមាសទី២ឆ្នាំ២០២២។ ស្របពេលដែលប្រាក់ចំណូល និងប្រាក់ចំណេញធ្លាក់ចុះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ក៏មានការធ្លាក់ចុះប្រមាណជាង៦%ដែរ ពោលគឺមានតែប្រមាណជិត១០ម៉ឺនTEUs ប៉ុណ្ណោះនៅត្រីមាសទី២ឆ្នាំនេះ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបរិមាណនាវាដឹកអ្នកដំណើរ និងទេសចរណ៍អន្តរជាតិ ហាក់មានការកើនឡើងខ្ពស់ដល់ទៅ១០០% ដោយមាននាវាធ្វើដំណើរចំនួន៣០៩ជើង។ ជាមួយគ្នានេះ នាវាផ្ទុកទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក៏បានកើនឡើងជាង១៨%ដែរ ខណៈការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈវិញមានការកើនឡើង២,៤៧%។

ជុំវិញបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន វិបត្តិសេដ្ឋកិច្ចសកលនៅតែបន្តអូសបន្លាយ ការកើនឡើងនូវអតិផរណា និងការកាត់បន្ថយការបញ្ជាទិញទំនិញនៅខាងសហគមអឺរ៉ុប បានធ្វើឱ្យសកម្មភាពនៃវិស័យដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២៣នេះ មានការថយចុះបើធៀបនឹងងឆ្នាំមុន តួរយ៉ាងការនាំចេញទំនិញរបស់កម្ពុជាមួយចំនួន ទៅកាន់ទីផ្សារអន្តរជាតិហាក់មានការថយចុះនាពេលបច្ចុប្បន្ននេះ។ ដែលកត្តាទាំងនេះហើយទើបធ្វើឱ្យចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅត្រីមាសទី២ឆ្នាំ២០២៣នេះ មានការធ្លាក់ចុះបែបនេះ។

សូមជម្រាបថា នៅឆមាសទី១ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មជាង១៦លានដុល្លារ ថយចុះជាង២លានដុល្លារ ឬស្មើនឹងជាង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងសម្រេចបានប្រមាណជាង៣៨%ប៉ុណ្ណោះនៃការគ្រោងផែនការឆ្នាំ២០២៣។ ក្នុងនោះប្រាក់ចំណេញសុទ្ធមានចំនួន៤លាន៧សែនដុល្លារ ថយចុះជាង៣០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕