Alynana Media Cambodia
Icon Collap
clinic narit

តម្លៃប្រេងឥន្ទនៈឡើងថ្លៃ ប៉ុន្តែតម្លៃដឹកជញ្ជូននៅកម្ពុជាមិនមានការឡើងថ្លៃនោះទេ

Media LNN | Aug 24, 2023
តម្លៃប្រេងឥន្ទនៈឡើងថ្លៃ ប៉ុន្តែតម្លៃដឹកជញ្ជូននៅកម្ពុជាមិនមានការឡើងថ្លៃនោះទេ
Clinic narith

វិស័យដឹកជញ្ជូននៅកម្ពុជា និងលើពិភពលោកនៅតែបន្តរងនូវការគំរាមកំហែងពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាអតិផរណាជាដើម។ ជាក់ស្តែងតាមការវាយតម្លៃរបស់អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បច្ចុប្បន្នសកម្មភាពដឹកជញ្ជូននៅកម្ពុជាមានការធ្លាក់ចុះក្នុងរង្វង់៣០% ក្រោយការបញ្ជាទិញពីខាងក្រៅមានការធ្លាក់ចុះ។

ទន្ទឹមនឹងនេះ ការកើនឡើងតម្លៃប្រេងឥន្ទនៈនាពេលបច្ចុប្បន្នបាននិងកំពុងក្លាយបញ្ហាប្រឈមមួយសម្រាប់វិស័យដឹកជញ្ជូនកម្ពុជា ក៏ប៉ុន្តែអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា ទោះតម្លៃប្រេងឥន្ធនៈឡើងថ្លៃ តែអ្នករកស៊ីនៅក្នុងវិស័យនេះហាក់មិនមានការតំឡើងថ្លៃដឹកជញ្ជូនដល់អ្នកប្រើប្រាស់នោះទេ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះវិស័យដឹកជញ្ជូនរបស់កម្ពុជានៅមិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកាត់សម្គាល់នោះទេ ពោលគឺ ទាំងបរិមាណ និងសេវាកម្មបានធ្លាក់ចុះចន្លោះពី២០% ទៅ៣០% បើធៀបនឹងឆ្នាំមុន។ ការបន្តធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារការឥទ្ធិពលពីវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាយសេដ្ឋកិច្ចធំៗ និងការកើនឡើងនូវអតិផរណា ដែលបានធ្វើឲ្យការបញ្ជាទិញទំនិញពីទីផ្សារខាងក្រៅមានការធ្លាក់ចុះ ដែលនាំឱ្យមានការកាត់បន្ថយនូវសកម្មភាពនាំចេញនិងនាំចូលទំនិញផ្សេងៗ។

បើងាកមកមើលតម្លៃថាមពល និងប្រេងឥន្ធនៈនៅកម្ពុជានិងសកលលោកវិញឃើញថា មានការកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅក្នុងរយៈពេលមួយខែចុងក្រោយនេះ។ សម្រាប់លោកឧកញ៉ា ស៊ិន ចន្ធី ការកើនឡើងតម្លៃប្រេងឥន្ធនៈប្រាកដណាស់វានឹងប៉ះពាល់ខ្លាំងទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជា។ យ៉ាងណាបញ្ហានេះមិនមែនជារឿងថ្មីសម្រាប់វិស័យដឹកជញ្ជូនរបស់កម្ពុជា ពោលគឺវិស័យនេះបានទទួលរងផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះអស់រយៈពេលជាង២ឆ្នាំមកហើយ។ ដូច្នេះហើយ វិស័យដឹកជញ្ជូនកម្ពុជាមានភាពធនគ្រប់គ្រាន់ក្នុងការសម្របខ្លួន និងទប់ទល់ជាមួយការឡើងថ្លៃប្រេងឥន្ធនៈនេះ។ ទោបីតម្លៃប្រេងឥន្ធនៈមានការកើនឡើង តែអ្នកជំនាញរូបនេះអះអាងថា បច្ចប្បន្នអ្នករកស៊ីនៅក្នុងវិស័យនេះមិនបានតំឡើងថ្លៃដឹកជញ្ជូនដល់អ្នកប្រើប្រាស់នោះទេ ដ្បិតពួកគេចង់រក្សាតម្លៃដឹកជញ្ជូនមិនឱ្យមានការកើនឡើងខ្ពស់។

ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា ស្ថានភាពវិស័យដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២៣នេះនៅតែមានដំណើរការល្អជាធម្មតា បើទោះបីជួបបញ្ហាប្រឈមការកើនឡើងតម្លៃប្រេងឥន្ទនៈក៏ដោយ។ តែយ៉ាងណាការកើនឡើងនេះវាមិនទាន់ដល់កម្រិតខ្ពស់រហូតដល់ការប្រកាសអាសន្ននោះទេ។ ទោះបីតម្លៃប្រេងឥន្ទនៈឡើងថ្លៃក៏ពិតមែន តែតម្លៃដឹកជញ្ជូនបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយបើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការគូសបញ្ជាក់របស់លោក ជា ចាន់ដារ៉ា ដែលបានបន្ថែមថា សកម្មភាពដឹកញ្ជូនទំនិញបច្ចុប្បន្ន ក៏មានការថយចុះដូចគ្នាដែរ បន្ទាប់មានការធ្លាក់ចុះការបញ្ជាទិញពីខាងក្រៅ។

បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យដឹកជញ្ជូននៅកម្ពុជាថានឹងអាចមានភាពល្អប្រសើរវិញ ដោយលោកសង្ឃឹមថារាជរដ្ឋាភិបាលនឹងអាចកៀរគរ អ្នកវិនិយោគផ្នែកកសិកម្ម មកធ្វើការកែច្នៃផលិផផលកសិកម្មកម្ពុជាទៅជាផលិតផលសម្រេចឱ្យបានច្រើនដើម្បីនាំចេញ ដ្បិតកំណើននេះ វាមិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជានោះទេ វាក៏បានជួយឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ សម្រាប់សាំងធម្មតា មានតម្លៃ៤.៦៥០រៀលក្នុងមួយលីត្រ ខណៈសម្រាប់ប្រេងម៉ាស៊ូតវិញមានតម្លៃ ៤.៧០០ រៀលក្នុងមួយលីត្រ។ នេះបើយោងតាមការបង្ហាញរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕