Alynana Media Cambodia
Icon Collap
clinic narit

ដំណឹងល្អ! ផ្លូវរថភ្លើងធុនស្រាលត្រៀមសង់ពីអាកាសយានដ្ឋានសៀមរាបអង្គរ ចូលមកកាន់ក្រុងសៀមរាប

Media LNN | Aug 24, 2023
ដំណឹងល្អ! ផ្លូវរថភ្លើងធុនស្រាលត្រៀមសង់ពីអាកាសយានដ្ឋានសៀមរាបអង្គរ ចូលមកកាន់ក្រុងសៀមរាប
Clinic narith

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន China Metro របស់ប្រទេសចិន បានចាប់ផ្ដើមជួបប្រជុំជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាល ដែលមានគោលដៅពីអាកាសយានដ្ឋានសៀមរាបអង្គរ មកកាន់ក្រុងសៀមរាប និងស្ថិតក្នុងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

 

លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន China Metro បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និង មួយទៀតស្ថិតនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសនៅបន្តចុះធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យផលប៉ះពាល់នានា។ លោកក៏បាន សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និង ទិន្នន័យ ដោយផ្លូវរថភ្លើងនេះ អាចនឹងឆ្លងកាត់តំបន់ការពារ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

ក្នុងនាមរដ្ឋបាលខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រ និង ត្រៀមការសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និង ប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរ និង សេវាកម្មដឹកជញ្ជូន នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកដំណើរការនាពេលដ៏ខ្លីខាងមុខ។

លោកអភិបាលរងខេត្ត បានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មាន និង ទិន្នន័យជូនដល់ក្រុមហ៊ុន សំដៅជំរុញការសិក្សាកាន់តែមានភាពច្បាស់លាស់ និងរលូន។ ទន្ទឹមនោះ លោក ក៏បានទាមទារដល់ក្រុមហ៊ុន ធ្វើការបង្ហាញឱ្យបានច្បាស់លាស់បន្ថែមទៀត ខណៈក្នុងគម្រោងពុំបានបង្ហាញនូវទីតាំងឆ្លងកាត់ ដែលអាចប៉ះពាល់ដល់តំបន់ការពារគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរានៅឡើយ។ ដូច្នេះ ដើមី្បធ្វើឲ្យការប្រមូលព័ត៌មាន និង ទិន្នន័យបានជាក់លាក់ យើងទាមទារ នូវកិច្ចសហការស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដែលអាចបញ្ចៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ នៃគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ៕

ប្រភព៖ មន្ទីរព័ត៌មាន​ខេត្តសៀមរាប