ជាដំណឹងល្អសម្រាប់វិស័យសំណង់នៅប្រទេសកម្ពុជា ខណៈនាពេលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនCONCH KT CEMENT (PHNOM PENH) COMPANY LIMITED សម្រាប់ការបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ដែលមានតម្លៃជាង២០០ លានដុល្លារ។
តាមការបញ្ជាក់ពី CDC នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនខាងលើ គឺមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខណៈគម្រោងបង្កើតរោងចក្រនេះក្រុមហ៊ុននឹងបោះ ទុនវិនិយោគប្រមាណ ២៥៨ លានដុល្លារអាម៉េរិក។
ក្នុងនោះដែរ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់តិ៍ CONCH KT CEMENT (PHNOM PENH) COMPANY LIMITED បើកដំណើរការក៏នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បានចំនួន ៤៦៨កន្លែងផងដែរ។
គិតមកដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនផលិតស៊ីម៉ង់តិ៍ចំនួន ៥ ទៅ ៦ ក្រុមហ៊ុនតែប៉ុណ្ណោះដែលកំពុងដំណើរការនៅកម្ពុជា។ ប៉ុន្ដែចំនួននេះនៅមិនទាន់អាច បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់នៅឡើយនោះទេ ដោយសារតែវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យនៅកម្ពុជា កំពុង មានការវិវឌ្ឍន៍ឥតឈប់ឈរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ចម ប្រសិទ្ធ កាលពីពេលកន្លងទៅថ្មីៗនេះ៕