Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ចេញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល

Admin Alynana | Aug 25, 2023
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ចេញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល
Clinic narith

ភ្នំពេញ៖ ក្នុងឱកាសជំនួបសំណេះសំណាលរវាងអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី លោក សុខ សូកេន ជាមួយមន្ត្រីចំនួន ៤០០នាក់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឆ្ពោះទៅជាគោលដៅទេសចរណ៍សកល។

លោករដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងនៅចំពោះមុខលោក ថោង ខុន ថាលោកបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

ដើម្បីសម្រេចបាននូវចក្ឋុវិស័យនេះ លោកបញ្ជាក់ថា លោកនឹងដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៣ រួមមាន ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD»។

ជាមួយគ្នានេះ មានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

លោក សុខ សូកេន បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ ៦,៤លាននាក់ ជាមួយទេសចរជាតិ ១៦,៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ ជាមួយទេសចរជាតិ ១៧លាននាក់៕