Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌា​ ​ទប់ស្កាត់​ការ​នាំ​ចេញ​អង្ករ​សម្រូប​បន្ថែម​ទៀត​ជាមួយ​នឹង​ពន្ធ ២០%

Media LNN | Aug 28, 2023
ឥណ្ឌា​ ​ទប់ស្កាត់​ការ​នាំ​ចេញ​អង្ករ​សម្រូប​បន្ថែម​ទៀត​ជាមួយ​នឹង​ពន្ធ ២០%
Clinic narith

ឥណ្ឌា​ដែល​ជា​ប្រទេស​ឈាន​មុខគេ ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ពិភពលោក ​បាន​សម្រេច​បន្ថែម​ពន្ធ​ដល់ ២០ ភាគរយ​លើ​ការ​នាំ​ចេញ​អង្ករ​សម្រូប​ ដែល​ការ​សម្រេច​នេះ​នឹង​ត្រូវ​អនុវត្ត​ភ្លាមៗ។

ការ​ផ្លាស់​ប្តូរ​នេះ​ នឹង​អាច​ជះ​ឥទ្ធិពល​ដល់​តម្លៃ​អង្ករ ឬ បង្កើន​តម្លៃ​អង្ករ​ពិភពលោក ដែល​ធ្លាប់​តែ​ជួញដូរ​នៅ​ក្បែរ​កម្រិត​ខ្ពស់​បំផុត​ទៅ​​ហើយ​ក្នុង​រយៈពេល ១២​ឆ្នាំ​ចុងក្រោយ។​

គួររំលឹកថា កាល​ពី​ខែ​កក្កដា កន្លង​ទៅ​ ប្រទេស​ឥណ្ឌា បាន​ធ្វើឱ្យ​អតិថិជន​របស់​ខ្លួន​ភ្ញាក់​ផ្អើល​ម្តង​រួច​មកហើយ ដោយ​ការ​ដាក់​បម្រាម ឬ​ហាម​ឃាត់​លើ​ការ​នាំចេញ​អង្ករ​ស​ទាំង​ស្រុង។​

ដោយឡែក អ្នកលក់​អង្ករ​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង បុមបៃ ប្រទេស​ឥណ្ឌា​ បាន​និយាយ​ថា​ ការ​រឹតត្បិត​នេះ​បាន​ជំរុញ​ឱ្យ​អ្នកទិញ មួយ​ចំនួន​ធំ​ងាក​មក​ទិញ​អង្ករ​ជា​ប៉ាវៗ ឬ ទិញ​អង្ករ​ស្តុក​ទុក​ក្នុង​ផ្ទះ​របស់ពួកគេ​ ដ្បិតអី​មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​នឹង​ធ្វើឱ្យ​តម្លៃ​របស់​អង្ករ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត។

ឈ្មួញ​ដដែល​នេះ​បាន​បន្ត​ថា ការ​សម្រេច​បន្ថែម​ពន្ធនេះ នឹង​ធ្វើ​ឱ្យ​អង្ករ​សម្រូប​របស់ ឥណ្ឌា ឡើង​ថ្លៃ​ខ្ពស់​ដូច​តែ​អង្ករ​ដែល​នាំ​ចូល​ពី​ប្រទេស ថៃ និង ប៉ាគីស្ថាន​ដែរ ហេតុនេះ​អ្នក​ទិញ​គឺ​គ្មាន​ជម្រើស​ទិញ​អង្ករ​ដែល​មាន​តម្លៃ​ទាប​នោះ​ទេ។

 

គួរ​ជម្រាប​ថា កាល​ពី​ខែ​កក្កដា សន្ទស្សន៍​តម្លៃ​អង្ករ​ដែល​ចេញ​ដោយ​ទីភ្នាក់ងារ​ស្បៀង​អាហារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត ១២ ឆ្នាំ​កន្លង​មក​នេះ ដោយសារ​តម្លៃ​អង្ករ​​នៅ​ក្នុង​ប្រទេស​នាំចេញ​សំខាន់ៗ​បាន​ហក់​ឡើង​ខ្ពស់ បន្ទាប់ពី​ប្រទេស​ឥណ្ឌា​ បាន​ដាក់​កំហិត​លើការ​នាំ​ចេញ។

គួរ​ជម្រាប​ថា ប្រទេស​ឥណ្ឌា ក្តោបក្តាប់​ចំណែក​ទីផ្សារ​នាំចេញ​អង្ករ​ពិភព​លោក​ប្រមាណ​ជាង ៤០ ភាគរយ ព្រម​ទាំង​មាន​តម្លៃ​ពន្ធ​ទាប​ជាង ប្រទេស​នាំ​ចេញ​ដទៃ​ទៀត។ ការណ៍​នេះ​ស្តែង​ឱ្យ​ឃើញ​ថា ​ការ​កាត់​បន្ថយ ​ការ​នាំ​ចេញ​ពី​សំណាក់​ឥណ្ឌា អាច​ធ្វើឱ្យ​តម្លៃ​ស្បៀង​អាហារ​ពិភពលោក​កើនឡើង ឬ អតិផរណា​កើន​ឡើង ​ស្រដៀង​ទៅ​នឹង​ផល​ប៉ះពាល់ ដែល​បង្ក​មក​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ អ៊ុយក្រែន ក្នុង​ឆ្នាំ ២០២២ ដូច្នេះ​ដែរ។

ការ​ទប់ស្កាត់​ការ​នាំចេញ​ទំនិញ​ម្ហូប​អាហារ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ពី​ចេតណា​របស់​រដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្ត្រី​លោក Narendra Modi នៅ​ចំពោះ​មុខ​អតិផរណា​ស្បៀង​អាហារ​ពិភពលោក​ដែល​កំពុង​កើត​ឡើង និង​នៅ​ចំពោះ​មុខ​ការ​បោះឆ្នោត​សកល​ក្នុង​ប្រទេស​ឥណ្ឌា ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២៤៕​