ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកំណត់បេសកកម្មចម្បងក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ ចំនួន ០៣ ចំណុច។ ការកំណត់បេសកកម្មចម្បងក្នុងការដឹកនាំក្រសួងមុខងារសាធារណៈនេះ នាឱកាសដែល ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងកំណត់ទិសដៅការងារ នៃក្រសួងមុខងារសាធារណៈលើកដំបូង ក្នុងអាណត្តិទី ៧ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសាធារណៈទូទាំងរាជធានី-ខេត្ត សរុបប្រមាណជាង ១ ០០០ នាក់ កាលពីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានកំណត់បេសកកម្មចម្បងក្នុងការដឹកនាំក្រសួងមុខងារសាធារណៈរួមមាន ០៣ ចំណុច ដូចជា ៖ «(១) ការអនុវត្តចក្ខុវិស័យរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ (២) ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី ៧ ឆ្ពោះទៅឆ្នាំ ២០២៨ និងអនាគត និង(៣) ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ»។ ឯកឧត្ដម សង្កត់ធ្ងន់បន្ថែមថា ដើម្បីសម្រេចបេសកកម្មខាងលើ វិធានការអាទិភាពជាគន្លឹះជាក់ស្ដែងទៅមុខរួមមាន ៖ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដោយត្រូវផ្អែកលើ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព និង (៣) ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់សេចក្ដីទុកចិត្តឲ្យកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសម្រាប់អាណត្តិទី ៧។
ជាមួយនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់រម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗ កន្លងមក ក្រោមការដឹកនាំក្រសួងគ្រប់ៗ រូប និងមន្ត្រីទាំងអស់ នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះ រហូតដល់បច្ចុប្បន្ន៕