ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក ទើបតែបានដាក់ចេញនូវការរឹតបន្តឹងបន្ថែមលើការនាំចេញអង្ករ ដើម្បីការពារការរត់គេចពន្ធលក់ផលិតផលនេះទៅក្រៅប្រទេស។
រដ្ឋាភិបាលឥណ្ឌានឹងកំណត់តម្លៃអង្ករ១២០០ដុល្លារក្នុងមួយតោនលើការនាំចេញអង្ករ basmati (អង្ករដ៏ពេញនិយមនៅអាស៊ីខាងត្បូង) ដើម្បីការពារការរត់ពន្ធអង្ករសដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញ។
ក្រសួងពាណិជ្ជកម្មឥណ្ឌាបានរកឃើញថា តម្លៃដែលលក់ចេញក្នុងករណីខ្លះមានត្រឹមតែ ៣៥៩ដុល្លារក្នុងមួយតោនដែលទាបជាងតម្លៃនាំចេញជាមធ្យម ១២១៤ដុល្លារនៅខែនេះ។ ក្រោយពីកំណត់តម្លៃតាមកិច្ចសន្យា ហើយរកឃើញមានការលក់ក្រោមតម្លៃ ១ ២០០ ដុល្លារក្នុងមួយតោន រដ្ឋាភិបាលនឹងចាត់វិធានការ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីឥណ្ឌាបានដាក់ពន្ធ ២០ភាគរយលើការនាំចេញអង្ករសំរូបកាលពីថ្ងៃទី ២៥ ខែសីហា។ ពន្ធលើការនាំចេញអង្ករសំរូបនេះ នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១៥ ខែតុលា។
ឥណ្ឌាដែលមានចំនួនប្រហែល ៤០ភាគរយនៃការនាំចេញអង្ករពិភពលោកក្នុងឆ្នាំ ២០២២ បច្ចុប្បន្នបានហាមឃាត់ ឬដាក់កម្រិតមួយចំនួនលើការនាំចេញអង្ករ។
កាលពីដើមខែនេះ តម្លៃអង្ករនៅអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំ ហើយអាចឡើងខ្ពស់បន្តទៀតដោយសារការបង្កើនថ្លៃដើមសម្រាប់ប្រទេសនាំចូលដូចជាហ្វីលីពីន និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ វិធានការដែលធ្វើឡើងដោយឥណ្ឌានាពេលថ្មីៗនេះគឺ សំដៅរក្សាស្ថិរភាពតម្លៃក្នុងស្រុក។ យោងតាមប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌាលោក BV Krishna Rao ការសម្រេចចិត្តដាក់ពន្ធលើអង្ករសំរូប នឹងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកនឹងធ្លាក់ចុះដែលរួមចំណែកដល់ការគ្រប់គ្រងអតិផរណាតម្លៃម្ហូបអាហារ។ យ៉ាងណាមិញ តម្លៃអង្ករពិភពលោកនឹងកើនឡើងហើយអ្នកទិញនឹងត្រូវចំណាយប្រាក់ច្រើនជាងមុន។
ការរឹតបន្តឹងរបស់ឥណ្ឌាកើតឡើងនៅពេលដែលតម្លៃអាហារនៅតែខ្ពស់ ដោយសារតែជម្លោះនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុសកលដែលគំរាមកំហែងដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងប្រេង។
អង្ករសំរូបមានចំនួនប្រហែល ៣០ភាគរយនៃការនាំចេញអង្ករសរុបរបស់ឥណ្ឌា។ ប្រទេសនេះបានហាមឃាត់ការនាំចេញអង្ករបាក់ និងអង្ករសប្រភេទផ្សេងទៀត រួមទាំងរឹតបន្តឹងការនាំចេញស្រូវសាលី និងស្ករ និងរក្សាទុកគ្រាប់ធញ្ញជាតិមួយចំនួន៕