ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែសីហា បានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មានចំនួន៤១៥រូប ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ។
តាមបញ្ជីឈ្មោះទីប្រឹក្សាទាំង៤១៥រូប មានមន្ត្រីជាប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត មន្ត្រីក្រសួងព័ត៌មាន អ្នកដែលធ្វើការក្នុងវិស័យសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពមួយចំនួនផងដែរ។ លោក ស៊ី ច័ន្ទតារា និងលោកស្រី ទី ម៉ារ៉ា ជាទីប្រឹក្សាដែលមានឋានៈស្មើរដ្ឋមន្ត្រី។
ក្រៅពីនេះ ទីប្រឹក្សា១៨១រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយ១០រូបពុំទទួលប្រាក់បំណាច់មុខងារ រីឯទីប្រឹក្សា២២២រូបទៀត មានឋានៈស្មើអគ្គនាយក ដោយ១៧រូបពុំទទួលប្រាក់បំណាច់មុខងារ។
សម្រាប់អណត្តិទី៧នេះ លោក នេត្រ ភក្ត្រា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសលោក ខៀវ កាញារីទ្ធ។ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ក្រសួងព័ត៌មាន មានរដ្ឋលេខាធិការ៣០រូប និងអនុរដ្ឋលេខាធិការ៣៩រូប។ លោកស្រី ជា ស៊ុនដាណែត គឺជារដ្ឋលេខាធិការប្រចាំការ។