Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាសង្ឃឹមថា ទៅថ្ងៃអនាគតនឹងអាចពង្រីកទីផ្សារនាំចេញស្វាយ កាន់តែធំថែមទៀតទៅកាន់កូរ៉េ

Media LNN | Aug 29, 2023
កម្ពុជាសង្ឃឹមថា ទៅថ្ងៃអនាគតនឹងអាចពង្រីកទីផ្សារនាំចេញស្វាយ កាន់តែធំថែមទៀតទៅកាន់កូរ៉េ
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត ខណៈឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ បំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុងជំនួបការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយ​ពី​ប្រទេស​ខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុង​ មកជាប្រទេសដែលមានសន្តិសុខ​ស្បៀង និងនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមឯកឧត្តម ការប្រែប្រួលជាវិជ្ជមាននេះ មិនអាចសម្រេចបានទេ ​ប្រសិនបើគ្មានការរួបរួមជាតិ និងសន្តិភាព ដែលនាំទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។

នាឱកាសនោះ ​ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ច​សហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់​កម្ពុជា​នៅក្នុងវិស័យកសិកម្ម។ ចំពោះកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត ឯកឧត្តម បាន​ស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា​ទៅកាន់ប្រទេសកូរ៉េ ដោយ​ចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់៕