ធនាគារកណ្ដាលចិន បានប្រកាសពីបំណងចង់ឱ្យធនាគាររដ្ឋមួយចំនួនកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះបន្ថែមទៀត ស្របពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ចនៅក្នុងវិស័យអចលនទ្រព្យឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ប្រភពដដែលបានឱ្យដឹងថា សេដ្ឋកិច្ចនៃវិស័យអចលនទ្រព្យ នៅទីក្រុងប៉េកាំង ប្រទេសចិនពេលនេះកំពុងរងគ្រោះដោយសារតែវិបត្តិបំណុល។ វិស័យអចលនទ្រព្យដែលមានទំហំដល់ទៅ មួយភាគបួននៃសេដ្ឋកិច្ចរបស់ចិនទាំងមូលបានធ្លាក់ចុះទៅក្នុងវិបត្តិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះ។
មូលហេតុសំខាន់បំផុតនៅពីក្រោយគម្រោងទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះ របស់ធនាគារចិន គឺដើម្បីជំរុញការប្រើប្រាស់នៅក្នុងទីផ្សារ។ មានន័យថា នៅពេលដែលការប្រាក់កម្ចីធ្លាក់ចុះ មនុស្សនឹងពិចារណាការទិញដូរអចលនទ្រព្យឡើងវិញ ជួយដោះស្រាយបញ្ហាជាប់គាំង ដែលកំពុងតែកើតមាននៅក្នុងទីផ្សារអចលនទ្រព្យ របស់ចិនជាពិសេសនៅក្នុងទីក្រុងប៉េកាំងតែម្តង។
ជាក់ស្ដែងស្ថានភាពនៃសេដ្ឋកិច្ចសកលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្សល់ទុកនូវសំណង់អគារ ព្រមទាំងសំណង់លំនៅដ្ឋានជាច្រើនបញ្ឈរចោលទាំងមិនទាន់បញ្ចប់ការសាងសង់រាយប៉ាយពេញប្រទេសចិន។ ទន្ទឹមនឹងនោះការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិនបានធ្លាក់ចុះ ៧.៩% បើគិតត្រឹមរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣។ តួលេខនេះពិតជាបានបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក។
សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៣ នេះ ធនាគារកណ្ដាលរបស់ចិនធ្លាប់បានទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះម្ដងរួចហើយ គឺនៅសល់ចំនួន ៤.១១%។ យ៉ាងណាមិញ បន្ទាប់ពីការប្រកាសពីគោលបំណងកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ធនាគារកណ្ដាលរបស់ចិន នៅមិនទាន់បានកំណត់តួលេខជាក់ស្ដែងណាមួយនៅឡើយទេ។ ហើយធនាគារកណ្ដាលចិនក៏មិនទាន់ឆ្លើយតបទៅនឹងសំណើរសុំការបកស្រាយបន្ថែម ពីសំណាក់ Reuter នោះដែរ៕