(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន២២៨,៥០០,០២៣ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១,០១៦,៦៣៩ដុល្លារ»។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១,៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង១តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕