នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារ ជាតិ នៃកម្ពុជា បានបង្ហោះសេចក្ដីជូនដំណឹងមួយនៅលើ Facebook Page ផ្លូវការ ស្ដីអំពី ការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។ នៅក្នុងសេចក្ដីជូនដំណឹងនោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថាប្រទេសយើងនឹងបន្តប្រកាន់យករបបអត្រាប្ដូរប្រាក់អណ្ដែត។ តើអត្រាប្ដូរប្រាក់អណ្ដែតជាអ្វី? ហើយហេតុអ្វីបានជាកម្ពុជាត្រូវប្រកាន់យកអត្រាប្ដូរប្រាក់ប្រភេទនេះ?
ដោយយោងទៅតាមទិន្នន័យពីគេហទំព័រ Investopedia បានឱ្យដឹងថា អត្រាប្ដូរប្រាក់អណ្ដែត គឺជារបបមួយដែលតម្លៃរូបិយប័ណ្ណក្នុងស្រុកប្រែប្រួលឡើងចុះ ដោយផ្អែកលើការផ្គត់ផ្គង់និងតម្រូវការ (ជាទូទៅគេធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក)។ ប្រសិនបើការផ្គត់ផ្គង់លើសពីតម្រូវការរូបិយប័ណ្ណនឹងធ្លាក់ថ្លៃ ហើយប្រសិនបើតម្រូវការលើសពីការផ្គង់ផ្គង់ នោះរូបិយប័ណ្ណនឹងឡើងថ្លៃ។
ការកំណត់អត្រាប្តូរប្រាក់ឱ្យប្រែប្រួលឡើងចុះទៅតាមការផ្គត់ផ្គង់និងតម្រូវការ មិនមែនមានន័យថារដ្ឋាភិបាល ឬធនាគារកណ្ដាល មិនព្យាយាមធ្វើអន្តរាគមន៍និងរៀបចំតម្លៃរូបិយប័ណ្ណរបស់គេនោះទេ។ ជាក់ស្ដែងពេលដែលប្រកាន់របបអត្រាប្តូរប្រាក់អណ្ដែត រដ្ឋាភិបាលនិងធនាគារកណ្ដាល ត្រូវឈានជើងចូលរកដំណោះស្រាយ ប្រសិនបើតម្លៃរូបិយប័ណ្ណរបស់ប្រទេសឡើងខ្ពស់ពេក ឬធ្លាក់ថ្លៃទាបពេក។
រូបិយប័ណ្ណដែលឡើងថ្លៃខ្ពស់ពេក ឬទាបពេក សុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចរបស់ប្រទេស ប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម ព្រមទាំងការសងបំណុលផងដែរ។ នៅក្នុងដំណាក់កាលនោះ រដ្ឋាភិបាល ឬធនាគារកណ្ដាលត្រូវព្យាយាមអនុវត្តវិធានការដើម្បីផ្លាស់ប្ដូរតម្លៃរូបបិយប័ណ្ណរបស់ពួកគេឱ្យត្រឡប់មកស្ថិតក្នុងស្ថានភាពធម្មតា និងអំណោយផលល្អវិញ។
ជាឧទាហណ៍ដើម្បីឱ្យកាន់តែងាយយល់គឺ របបអត្រាប្ដូរប្រាក់អណ្ដែតនេះ អត្រាប្ដូរប្រាក់ក្នុងប្រទេសមិនត្រូវបានកំណត់ក្នុងចំនួនជាក់លាក់ណាមួយដោយរដ្ឋាភិបាល ឬធនាគារកណ្ដាលឡើយ។ មានន័យថាប្រសិនបើរដ្ឋាភិបាលផ្គត់ផ្គង់ប្រាក់ច្រើនទៅក្នុងទីផ្សារតែប្រជាជនមិនសូវចាយ នោះនឹងធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃ ហើយប្រសិនបើប្រជាជនមានតម្រូវការចាយវាយរូបិយប័ណ្ណក្នុងស្រុកច្រើន រូបបិយប័ណ្ណក្នុងស្រុកនឹងឡើងថ្លៃ។ ដូច្នេះហើយរដ្ឋាភិបាល និងធនាគារកណ្ដាល មានតួនាទីការពារកុំឱ្យរូបិយប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃពេក ឬឡើងថ្លៃពេក ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
បែរមកកាន់ប្រទេសយើងវិញ បានជាធនាគារជាតិនៃកម្ពុជា សម្រេចបន្តដាក់ឱ្យប្រើប្រាស់របបអត្រាប្ដូរប្រាក់អណ្ដែត គឺដោយសារតែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះធនាគារកណ្ដាលត្រូវរកវិធីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។
សូមជម្រាបផងដែរថា ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្ដូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្ដូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល៕