ធនាគារពាណិជ្ជធំៗចំនួន៤របស់ប្រទេសថៃបានសម្រេចបង្ខំចិត្តបិទសាខាខ្លះនៅទឹកដីប្រទេសឡាវខណៈមិនអាចរ៉ាប់រងនឹងការចំណាយកាន់តែច្រើននិងសកម្មភាពជីវកម្មនោះទីនោះធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានBangkok Post។
ប្រភពដដែលខាងលើបានឲ្យដឹងថាធនាគារធំៗរបស់ថៃចំនួន៤បានសម្រេចចិត្តបិទសាខាមួយចំនួននៅប្រទេសឡាវដោយសារតែច្បាប់ដែលកំណត់ដោយធនាគារកណ្ដាលឡាវតឹងរឹងពេកហើយច្បាប់ដែលកំណត់ដោយធនាគារកណ្ដាលឡាវធ្វើឲ្យធនាគារទាំង៤នេះត្រូវចំណាយច្រើនពេកស្របពេលដែលសេដ្ឋកិច្ចដាំក្បាលចុះ។
ធនាគារដែលថៃដែលបង្ខំចិត្តបិទសាខាខ្លះនៅឡាវមានដូចជាធនាគារ Military Bank, Bank of Adyuhya, CIMB Thai Bank និងBangkok Bank ជាដើម។ បើយោងប្រភពពីអ្នករកស៊ីវិស័យធនាគារនៅប្រទេសថៃដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាច្បាប់ដ៏តឹងរឹងដែលបានដាក់មកលើធនាគារថៃរកស៊ីនៅឡាវគឺបានសម្លាប់ធនាគារថៃដែលកំពុងរកស៊ីនៅទីនោះ។
ធនាគារកណ្ដាលរបស់ឡាវបានរឹងបន្តឹងច្បាប់កាន់តែតឹងទៅលើអាជីវកម្មដែលរកស៊ីក្នុងវិស័យធនាគារនៅ៥ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែងនៅ៥ឆ្នាំចុងក្រោយនេះធនាគារកណ្ដាលឡាវតម្រូវឲ្យធនាគារពាណិជ្ជបរទេសមានទុនចុះបញ្ជីយ៉ាងតិចពី១០០ពាន់លានគីបទៅ៣០០ពាន់លានគីបក្នុងការបើកសាខាមួយ។
ច្បាប់ថ្មីនេះធ្វើឲ្យធនាការបរទេសត្រូវចំណាយលុយយ៉ាងច្រើនលើសលប់ស្របពេលដែលស្ថានភាពអាជីវកម្មនៅប្រទេសឡាវមានការធ្លាក់ចុះហើយការវិនិយោគនិងធ្វើជំនួញរវាងប្រទេសឡាវនិងថៃធ្លាក់ចុះទៀតនោះ ធនាគារធំៗចំនួន៤របស់ថៃសម្រេចចិត្តបិទសាខារបស់ខ្លួនមួយចំនួននៅទីនោះ។
ការិយាល័យការពារប្រាក់សន្សំហៅកាត់ថាDPOនៃធនាគារកណ្ដាលរបស់ឡាវបានប្រកាសកាលពីខែសីហាកន្លងទៅថាធនាគារពាណិជ្ជរបស់ថៃចំនួន៤បានស្ម័គ្រចិត្តបញ្ចប់ភាពជាសមាជិកជាមួយនឹងDPOនិងបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីកែទម្រង់យុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន។ បើទោះបីជាមានការព្រួយបារម្ភពីការកើនឡើងខ្ពស់នៃអតិផរណានិងលុយគីបឡាវធ្លាក់ថ្លៃប៉ុន្ដែកត្តាទាំងនេះមិនមែនជាបញ្ហាចោទធំនោះទេតែអ្វីដែលជាបញ្ហានោះគឺការរឹតបន្តឹងរបស់ធនាគារកណ្ដាលឡាវនិងការថយចុះនៃសកម្មភាពអាជីវកម្មដែលធ្វើឲ្យធនាគារទាំង៤របស់ថៃសម្រេចចិត្តបិទសាខានៅឡាវ៕