(ភ្នំពេញ)៖ គណៈប្រតិភូអន្តរក្រសួង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យគុណភាព និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ ក្នុងគោលបំណងធ្វើការតាមដានការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។
គណៈប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជាលទ្ធផល គិតត្រឹមថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បានប្រមាណ ៣៥%ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។ ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរលឹកដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់តាមផែនការដែលបានស្នើសុំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០មផងដែរ។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ខ្សែផ្លូវនេះមានប្រវែង ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ ចំការហ្លួង រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ៕