នៅរយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានសរុបជិត២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ខណៈតម្លៃនាំចេញជ័រកៅស៊ូ មានការថយចុះជាងឆ្នាំមុន។ មន្រ្តីជាន់ខ្ពស់កសិកម្មទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានអះអាងថា ខ្សែចង្វាក់ផលិតកម្មដំណាំកៅស៊ូឆ្នាំនេះ ហាក់ជួបបញ្ហាប្រឈមមួយចំនួន រីឯតម្លៃនៃការនាំចេញវិញ ក៏ថយចុះជាងឆ្នាំមុនដែរ។
ជាក់ស្ដែងនៅ៧ខែឆ្នាំ២០២៣នេះ ជ័រកៅស៊ូមានតម្លៃជាមធ្យម១ ៣៣៧ដុល្លារក្នុងមួយតោនបានថយចុះរហូត ២៤៥ដុល្លារ ក្នុងមួយតោន បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ វិបត្តិសេដ្ឋកិច្ចសាកល និងការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្ម ជាពិសេសធ្វើឲ្យតម្លៃជ័រកៅស៊ូឆ្នាំនេះ ថយចុះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា នៅ៧ខែឆ្នាំ២០២៣ កម្ពុជានាំចេញជ័រកៅស៊ូបានប្រមាណ១៧ម៉ឺនតោន កើនឡើង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដ្បិត បរិមាណនាំចេញកើនឡើង ប៉ុន្តែ បើពិនិត្យទៅលើចំណូលពីការនាំចេញ និងតម្លៃជ័រកៅស៊ូនៅឆ្នាំនេះ បែរជាមានការធ្លាក់ចុះទៅវិញ បើធៀបទៅនឹងឆ្នាំមុន។ ជាក់ស្ដែង នៅ៧ខែ ឆ្នាំនេះ កម្ពុជាទទួលបានចំណូលសរុបជិត២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះជ័រកៅស៊ូមានតម្លៃជាមធ្យម ១ ៣៣៧ដុល្លារ ក្នុងមួយតោនថយចុះរហូត២៤៥ដុល្លារ ក្នុងមួយតោន បើធៀបនឹងឆ្នាំមុន ខណៈតម្លៃជ័រកៅស៊ូឆ្នាំមុនមានតម្លៃ១ ៥៨២ដុល្លារក្នុងមួយតោន។ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសាកល នៅតែជាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្ម ជាពិសេសប៉ះពាល់ដល់ទីផ្សារកសិផលតែម្ដង។
បើតាមឯកឧត្តម ហ៊ឹម អូន ក្រៅពីវិបត្តិពិភពលោកនានា ជាពិសេសឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ដែលធ្វើឲ្យតម្លៃកសិផលមួយចំនួនធ្លាក់ចុះនោះ នៅក្នុងឆ្នាំនេះ ការប្រែប្រួលអាកាសធាតុ និងបាតុភូតអែលនីណូ ក៏ជាក្ដីព្រួយបារម្ភមួយដែរ សម្រាប់វិស័យកសិកម្មលើពិភពលោក រួមទាំងកម្ពុជា។ សម្រាប់ឯកឧត្តម ហ៊ឹម អូន ក៏មានក្ដីបារម្ភចំពោះបាតុភូតអែលនីណូ ក្នុងការអាចធ្វើឲ្យប៉ះពាល់ការប្រមូលផលកសិកម្មកម្ពុជា រួមទាំងដំណាំកៅស៊ូផងដែរ។ បើតាមមន្រ្តីជាន់ខ្ពស់កសិកម្មរូបនេះ កន្លងមកទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាមានដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងសហគមអឺរ៉ុប។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មមានជាង៤ម៉ឺនហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង ១៩ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៦ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរកៅស៊ូ មានប្រមាណ៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាណនិងនេសាទ៕