Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានការលើប្រាក់កម្ចី ដើម្បីជួយដល់អ្នកទិញផ្ទះ

Media LNN | Sep 02, 2023
រដ្ឋាភិបាលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានការលើប្រាក់កម្ចី ដើម្បីជួយដល់អ្នកទិញផ្ទះ
Clinic narith

ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីជូនដំណឹង ដើម្បីបន្ធូរបន្ថយវិធានការខ្ចីប្រាក់មួយចំនួន ដើម្បីជួយអ្នកទិញផ្ទះ រួមទាំងការបញ្ចុះអត្រាការប្រាក់ ដែលកំពុងមានបច្ចុប្បន្នសម្រាប់អ្នកទិញផ្ទះដំបូង និងការបង់ប្រាក់កក់ នៅក្នុងទីក្រុងមួយចំនួន។ នេះជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់មួយ របស់រដ្ឋាភិបាលចិន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យ ដែលកំពុងបប្រឈមនឹងវិបត្តិអាចមានដង្ហើមរស់ឡើងវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។

ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃទី៣១ សីហា បាននិយាយថា ចាប់ពីថ្ងៃទី២៥ ខែកញ្ញាតទៅ ពលរដ្ឋណា ដែលទទួលបានកម្ចីទិញផ្ទះ ដើម្បីទិញផ្ទះជាលើកដំបូង គឺអាចដាក់ពាក្យទៅធនាគារដែលពួកគេបានខ្ចីនោះ ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ដែលពួកគេត្រូវបានបច្ចុប្បន្ន។

អ្នកខ្ចីប្រាក់ទិញផ្ទះលើកដំបូង និងធនាគារអាចចរចាគ្នារកវិធីសមស្របណាមួយ ក្នុងចំណោមវិធី២យ៉ាង ដើម្បីកាត់បន្ថយអត្រាការប្រាក់ ដែលមានស្រាប់។ វិធីទាំង២យ៉ាងនេះ ទីមួយគឺ ស្នើសុំបញ្ចុះអត្រាការប្រាក់ក្នុងកិច្ចសន្យាកម្ចី ដែលកំពុងមានបច្ចុប្បន្ន និងទីពីរគឺ អាចស្នើសុំកម្ចីបន្ថែមជាមួយនឹង អត្រាការប្រាក់ទាប ពីលើកម្ចីទិញផ្ទះដែលកំពុងមាននាពេលបច្ចុប្បន្ន។

ការបង់ប្រាក់កក់មុនសម្រាប់កម្ចីទិញផ្ទះ ក៏នឹងត្រូវបានកាត់បន្ថយផងដែរ នៅក្នុងទីក្រុងមួយចំនួនក្នុងប្រទេសចិន។ វិធានការថ្មីនេះបានកំណត់ថា អត្រាប្រាក់កក់មុន សម្រាប់ការទិញផ្ទះដំបូងមិនគួរទាបជាង ២០% ហើយសម្រាប់អ្នកទិញផ្ទះទី២ គឺមិនទាបជាងជាង៣០%នោះទេ។ អត្រានេះ គឺមានទាប បើធៀបនឹង អត្រាដែលមានបច្ចុប្បន្ននៅទីក្រុងធំៗភាគច្រើន មានអត្រាប្រាក់កក់មុន ៣០% សម្រាប់កម្ចីទិញផ្ទះដំបូង និង៤០% ឬលើសពីនេះសម្រាប់ការទិញផ្ទះទី២។

ទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទីផ្សារអចលនទ្រព្យដែលកំពុងមានវិបត្តិ ខណៈដែលវិស័យនេះ បានរួមចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។

ធនាគារខ្នាតមធ្យមចំនួន២ របស់រដ្ឋចិនគឺធនាគារ Industrial Bank និងធនាគារ China Bohai Bank បានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា ពួកគេនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ចន្លោះពី ០,១០% ទៅ០,២៥% ទៅលើប្រភេទប្រាក់បញ្ញើមួយចំនួនចាប់ពីថ្ងៃសុក្រនេះតទៅ ហើយវាក៏ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យអត្រាការប្រាក់កម្ចីទិញផ្ទះ នឹងមានការថយចុះដូចគ្នាដែរ៕