ភ្នំពេញ៖ លោកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួម និងសហការពីវិស័យឯកជនឱ្យបានច្រើន លើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង តាមរយៈការចុះអនុស្សារណយោគយល់គ្នា និងកំណត់ស្តង់ដារមានគុណភាពស្តង់ដាបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។
លោក សាយ សំអាល់ បានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិ សំណង់ជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុង និងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ លោកក៏បានស្នើឱ្យអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និងអត្ថប្រយោជន៍ នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។
លើសពីនេះ អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យ ហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភ័ណភាព សុខមាលភាព និងការរៀបចំក្រុងទាំងមូល ដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កម្រិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិស នៃការរៀបចំនគរដែនដីប្រកបដោយចីរភាព៕