(ភ្នំពេញ)៖ ឥទ្ធិពលវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកលដែលកំពុងតែកើតមាន បានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកាណាដា ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៣ សម្រេចមានជាង ៥៣៥ លានដុល្លារ ធ្លាក់ចុះជិត ២៥ ភាគរយបើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមស្ថិតិ GDCE គឺចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរួមនៃប្រទេសទាំង ២ មានចំនួនសរុប ៥៣៥,៥៣ លានដុល្លារ ធ្លាក់ចុះ ២៤,៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ៧១១,០៩ លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅកាណាដា ចំនួន ៤៩៦,៨៧ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយ ចំណែកទំនិញកាណាដា នាំមកកម្ពុជា មានចំនួន ៣៨,៦៦ លានដុល្លារ កើនឡើង ៨៦,១ ភាគរយ។
តាមរយៈទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព លើកាណាដា ៤៥៨,២២ លានដុល្លារ។ កាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៩ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់។
ផ្អែកតាមទិន្នន័យខាងលើ គឺទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា រយៈពេល ៧ ខែ ឆ្នាំ ២០២៣ គឺស្មើ ១,៩៣ ភាគរយក្នុងចំណោមទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលមានចំនួនសរុប ២៧ ៧០០,៣៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានអះអាងថា ទោះឆ្នាំ ២០២២ កន្លងមក សភាពាណិជ្ជកម្មកម្ពុជាបានទៅបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា) ដើម្បីផ្សព្វផ្សាយពីផលិតផលកម្ពុជា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុននៅកម្ពុជា ក៏ចំនួនទឹកប្រាក់សរុបនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នៅតែធ្លាក់ចុះ។ ការធ្លាក់ចុះនេះ គឺមិនមែនមកពីភាគីណាមួយឡើយ ប៉ុន្តែវាជាឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល។
លោកបញ្ជាក់ថា៖«ការធ្លាក់ចុះទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា ពេលនេះ វាមិនមែនជារឿងចម្លែកឡើយ ព្រោះនៅអំឡុងពេលវិបត្តិប្រទេសនីមួយៗបាននាំគ្នារឹតត្បិតការចំណាយ ពិសេសលើការនាំចូលទំនិញពីក្រៅប្រទេស»។
បើតាមលោក លឹម ហេង ទំនិញដែលកម្ពុជានាំទៅកាណាដា រួមមានសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ជាដើម។ ចំណែកទំនិញកាណាដា នាំចូលភាគច្រើនជាគ្រឿងអេឡិចត្រូនិក។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា នៅពេលមានវិបត្តិសកលណាមួយកើតឡើង គឺផលប៉ះពាល់ប្រាកដជាមាននៅគ្រប់ប្រទេស។ លោកបន្តថា អ្វីដែលកម្ពុជាត្រូវធ្វើនាពេលនេះ គឺការពង្រឹងខ្លួនដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ តាមរយៈការស្វែងរកទីផ្សារថ្មីៗ និងលើកកម្ពស់គុណភាព និងបរិមាណផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីត្រៀមសម្រាប់ការងើបឡើងវិញនៅពេលអនាគត។
លោកអះអាងថា៖«នេះគឺជាឱកាសសម្រាប់កម្ពុជាក្នុងការសិក្សា និងអភិវឌ្ឍខ្លួនឱ្យបានខ្លាំង ដោយមិនត្រូវពឹងផ្អែកខ្លាំងលើផលិតផលនាំចូល និងត្រូវពង្រីកការធ្វើពិពិធកម្មទំនិញនាំចេញឱ្យបានកាន់តែច្រើននាពេលខាងមុខ»។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ១ ១៥៤,៤៧ លានដុល្លារ កើន ១៦,១ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមាន ៩៩៤,៧២ លានដុល្លារ។ ក្នុងនោះកម្ពុជានាំទំនិញទៅកាណាដា ១ ១២០,៥៩ លានដុល្លារ កើន ១៧,៤ ភាគរយ និងទំនិញដែលប្រទេសកាណាដា នាំមកកម្ពុជាវិញចំនួន ៣៣,៨៨ លានដុល្លារ ធ្លាក់ចុះ ១៥,១ ភាគរយ៕