បាត់ដំបង៖ ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ទោះបីទិន្នផលស្រូវធ្លាក់ចុះ ដោយសារគ្រោះរាំងស្ងួតក៏ដោយ។
សូមបញ្ជាក់ថា តម្លៃស្រូវប្រភេទស្រងែ ក្នុងស្រុកមោងឫស្សី នាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ១២៥០ទៅ១៣១០រៀល ក្នុងមួយគីឡូក្រាម ខណៈស្រូវប្រភេទអូអឹម និងស្រូវប្រភេទផ្សេងៗទៀតមានតម្លៃចាប់ពី១០០០រៀលឡើង ទៅក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយខ្ពស់គួរសមបើធៀបជាមួយឆ្នាំមុនៗ។
ប្រជាកសិកររស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្ហាញទឹកមុខសប្បាយរីករាយដែលតម្លៃស្រូវក្នុងឆ្នាំ២០២៣នេះ ហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ កសិករជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងជួយរក្សាតម្លៃស្រូវឱ្យបាននៅខ្ពស់។
ទន្ទឹមនឹងភាពសប្បាយរីករាយជាមួយស្រូវបានថ្លៃ ប្រជាកសិករ បានស្នើដល់អាជ្ញាធរ និងសហគមន៍ប្រើប្រាស់ទឹកសូមគិតគូរបែងចែកទឹកឱ្យបានស្មើភាពគ្នាដល់ប្រជាកសិករនៅគ្រប់តំបន់នៅឆ្នាំបន្ទាប់ៗ កុំឱ្យបានតែអ្នករស់នៅប៉ែកខាងលើ ហើយតំបន់ខាងក្រោមអត់ទទួលបានទឹកគ្រប់គ្រាន់នោះ។
ជាមួយគ្នានេះ ប្រជាកសិករបានបង្ហាញការសាទរ និងគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្ដល់អាទិភាពដល់ការលើកស្ទួយជីវភាពកសិករ បង្កើនទីផ្សារ និងដំឡើងថ្លៃកសិផលជាដើម ហើយជាពិសេសនោះ គឺការត្រៀមបញ្ជូនអ្នកជំនាញបច្ចេកទេសកសិកម្មមកតាមមូលដ្ឋាន ដើម្បីជួយកសិករ៕