Alynana Media Cambodia
Icon Collap
clinic narit

គ្រឹះស្ថានអង្គររកចំណូលបានជាង២៣លានដុល្លារ ពីការលក់សំបុត្រឱ្យទេសចរ

Media LNN | Sep 06, 2023
គ្រឹះស្ថានអង្គររកចំណូលបានជាង២៣លានដុល្លារ ពីការលក់សំបុត្រឱ្យទេសចរ
Clinic narith

ចំនួន​អ្នកទេសចរបរទេសដែល​ចូលមកកម្សាន្តនៅ​កម្ពុជាបាន​កើន​ជា​លំដាប់ ក្រោយ​​វិបត្តិ​ ​ជំងឺ​កូ​វីដ​-១៩។ ជាក់ស្តែង​រយៈពេល៨ខែមកនេះ មាន​ភ្ញៀវ​ជិត៥០ម៉ឺន​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ដោយទទួលបាន​ថវិកា​ប្រមាណ២៣លាន​ដុ​​ល្លារ​។ នេះ​បើតាមសេចក្តីប្រកាសរបស់​គ្រឹះស្ថាន​អង្គរ​។​

គ្រឹះ​ស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា​ ដល់​ខែសីហា​ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៤៩៨ ៥១៣ ​នាក់។ ចំនួននេះកើន ដល់៣៥០,៨៦​ ភាគរយ​ ធៀប​នឹងគ្រាដូចគ្នាកាល​​ឆ្នាំ​ ២០២២​។ ចំណែក​ថវិកា​ដែល បាន​ពី​ការលក់​សំបុត្រឱ្យភ្ញៀវទេសចរបរទេស​វិញ គឺបាន ២៣,០៩​ លាន​ដុល្លារ កើន ៤១៩,៥៨​ ភាគរយ​។​

​សូមជម្រាបថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជាបីប្រភេទ។ ក្នុង​នោះ​សំបុត្រ​ចូល​ទស្សនា សម្រាប់១ថ្ងៃ​មានតម្លៃ៣៧​ដុល្លារ​, រយៈពេល៣ថ្ងៃមាន​តម្លៃ ៦២​​ដុល្លារ និងសំបុត្រសម្រាប់រយៈពេល៧ថ្ងៃ គឺមានតម្លៃ៧២​ដុល្លារ​។ 

ក្រៅពី​​លក់​សំបុត្រ​​ចូល​រម​ណី​យ​ដ្ឋា​ន​អង្គរនេះ គ្រឹះស្ថាន​អង្គរ ក៏​រកបានចំណូល ជិត៥០ម៉ឺនដុល្លារដែរ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​​ប្រា​សាទ​កោះកេរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ 

កាល​ឆ្នាំ ​២០២២ គ្រឹះស្ថាន​អង្គរ​ទទួលលបានចំណូលពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន​ត្រឹម ១១, ៧៨​ លាន​ដុល្លារប៉ុណ្ណោះ។  ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​មាន​ជាង១១លាន​ដុល្លារ​, ចំណូល​ពី​ប្រាសាទ​កោះកែរបាន៩ម៉ឺនដុល្លារ និង​ចំណូល​ពី​កំពង់ផែ​ចុង​ឃ្នៀ​សបានប្រមាណ១៦ម៉ឺន​ដុល្លារ​។ នេះ​បើ​តាម​គ្រឹះ​ស្ថាន​អង្គរ​៕