Alynana Media Cambodia
Icon Collap
clinic narit

ចំពេលតម្លៃប្រេងកំពុងកើនឡើង G7 ពន្យារពេលពិនិត្យឡើងវិញលើការកំណត់តម្លៃប្រេងរបស់រុស្ស៊ី

Admin Alynana | Sep 08, 2023
ចំពេលតម្លៃប្រេងកំពុងកើនឡើង G7 ពន្យារពេលពិនិត្យឡើងវិញលើការកំណត់តម្លៃប្រេងរបស់រុស្ស៊ី
Clinic narith

ក្រោយមានការកំណត់លើតម្លៃប្រេងរបស់រុស្ស៊ី ដែលលក់នៅលើទីផ្សារ ក្រុមហ៊ុនប្រទេស G7 កន្លងមកតែមានការត្រួតពិនិត្យជាទៀងទាត់លើតម្លៃប្រេងរុស្ស៊ី ប៉ុន្ដែ ថ្មីៗនេះ ប្លុកប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងនេះ បានពន្យារពេលការត្រួតពិនិត្យនេះ បើទោះ ជាប្រេងឆៅរបស់រុស្ស៊ីពេលនេះភាគច្រើនកំពុងជួញដូរក្នុងតម្លៃលើពីអ្វីដែលបានកំណត់ទុកក៏ដោយ។ ដោយសារអ្វី? ដោយសារតែ ពេលនេះ តម្លៃប្រេងឆៅពិភពលោកកំពុងមានការកើនឡើងថ្លៃខ្ពស់ ចំពេលការផលិតត្រូវបានកាត់បន្ថយដោយប្រទេសផលិតប្រេងធំៗ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិមួយចំនួន។

ក្រុមហ៊ុនផលិតប្រេងរបស់រុស្ស៊ីបានរកឃើញវិធីលក់ប្រេងដោយប្រើនាវាដឹកប្រេងបស្ចិមលោក និងបង់ថ្លៃសេវាកម្មធានារ៉ាប់រងតិចជាងមុន ដែលធ្វើឱ្យបស្ចិមលោកពិបាកក្នុងការអនុវត្តការកំណត់តម្លៃប្រេង ដែលមានស្រាប់ ពីព្រោះក្រុមហ៊ុនដែលសម្របសម្រួលពាណិជ្ជកម្ម គឺស្ថិតនៅក្រៅការគ្រប់គ្រងរបស់ពួកគេ។

គេនៅចាំបានថា ក្រុមប្រទេសជី៧ រួមជាមួយនឹងសហភាពអឺរ៉ុប និងអូស្ត្រាលីបានដាក់យន្តការកំណត់តម្លៃប្រេងរបស់រុស្ស៊ីកាលពីខែធ្នូឆ្នាំមុន បន្ទាប់មកបានដាក់ការកំណត់តម្លៃប្រេងឥន្ធនៈរបស់រុស្ស៊ីចាប់ពីខែកុម្ភៈ។ ដំបូងឡើយបណ្តាប្រទេសសហភាពអឺរ៉ុប បានយល់ព្រមពិនិត្យឡើងវិញនូវការកំណត់តម្លៃប្រេងរៀងរាល់២ខែម្តង និងព្រមព្រៀងគ្នាកែសម្រួលវាប្រសិនបើចាំបាច់ ខណៈដែលក្រុមជី៧នឹងពិនិត្យមើលឡើងវិញ «តាមភាពសមស្របណាមួយ» រួមទាំងការអនុវត្ត និងការប្រកាន់ខ្ជាប់វិធានការនេះផងដែរ។

ប៉ុន្តែ ចាប់តាំងពីខែមីនាមក ក្រុមជី៧មិនបានត្រួតពិនិត្យឡើងវិញនូវការកំណត់តម្លៃនេះឡើយ ហើយប្រភពពីមនុស្ស៤នាក់ដែលដឹងពីគោលនយោបាយរបស់ក្រុមជី៧នេះបាននិយាយថា នៅក្នុងសារព័ត៌មានរ៉យទ័រ ប្លុកប្រទេសទាំងនេះ មិនមានផែនការភ្លាមៗ ដើម្បីពិនិត្យមើលការកែសម្រួលគ្រោងការណ៍នេះទេ។

ប៉ុន្តែនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងពេលខាងមុខនៅចុងខែកញ្ញានេះ វាអាចនឹងមានវេទិកាក្រៅផ្លូវការមួយសម្រាប់កិច្ចពិភាក្សាស្តីពីការកំណត់តម្លៃប្រេងនេះ។

យន្តការកំណត់តម្លៃប្រេងនេះ គឺអនុញ្ញាតឱ្យប្រទេសទី៣ អាចទិញប្រេងឥន្ធនៈរបស់រុស្ស៊ីបាន ដោយប្រើការធានារ៉ាប់រងដឹកជញ្ជូនតាមនាវាបស្ចិមលោក ប្រសិនបើមានភស្តុតាងថា ការទិញប្រេងនេះមិនលើសពីការកំណត់តម្លៃ៦០ដុល្លារក្នុងមួយធុងបារ៉ែល សម្រាប់ប្រេងឆៅ និងតម្លៃ៤៥ដុល្លារក្នុងមួយធុងសម្រាប់ប្រេងខ្មៅ និង១០០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឥន្ធនៈស្រាលដូចជាសាំង និងម៉ាស៊ូតជាដើម។

គំនិតនេះត្រូវបានផ្ដួចផ្ដើមដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ ចំពេលមានសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងគេចពីការរំខានទីផ្សារដោយ សារតែការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងរបស់រុស្ស៊ី៕