Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចេញទំនិញទៅអាមេរិកមានទំហំជាង៦ពាន់លានដុល្លារ ចំណែកចេញទៅចិនមានត្រឹមតែជិត១ពាន់លានដុល្លារ

Admin Alynana | Sep 09, 2023
កម្ពុជានាំចេញទំនិញទៅអាមេរិកមានទំហំជាង៦ពាន់លានដុល្លារ ចំណែកចេញទៅចិនមានត្រឹមតែជិត១ពាន់លានដុល្លារ
Clinic narith

ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញនៅ៨ខែឆ្នាំ២០២៣នេះ ជាមួយនឹងទំហំទឹកប្រាក់នាំចេញជាង១៥ពាន់លានដុល្លារអាមេរិកកើនឡើង០,៤% បើធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះសហរដ្ឋអាមេរិកនៅតែឈរនៅក្នុងកំពូលតារាង ក្នុងចំណោមប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជាក្នុងការនាំចេញទំនិញ។

ជាក់ស្ដែងនៅ៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់សរុបជាង៦ពាន់លានដុល្លារថយចុះជិត៥% ខណៈការនាំចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាវិញ សម្រេចបានតែជិត១ពាន់លានដុល្លារប៉ុណ្ណោះកើនឡើងជិត១៧%។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជា ដែលគិតជាទំហំទឹកប្រាក់មានជាង៦ពាន់លានដុល្លារ ថយចុះជិត៥% ខណៈកម្ពុជានាំចូលទំនិញពីទីផ្សារនេះមានទំហំជាង១៦០លានដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ទាប់ពីទីផ្សារអាមេរិក គឺទីផ្សារវៀតណាមបានឈរលំដាប់ទី២ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារកើនឡើង២៦% ខណៈដែលប្រទេសចិន គឺឈរនៅលំដាប់ទី៣ ដែលមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ កើនឡើងជិត១៧%។ ប៉ុន្តែប្រទេសចិន គឺជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជានៅ៨ខែឆ្នាំនេះ ដែលមានទំហំសរុបជាង៨ពាន់លានដុល្លារកើនឡើងជាង១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំជិត១ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំជាង៧ពាន់លានដុល្លារ។

ជុំវិញការនាំចេញទំនិញកម្ពុជានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ឃើញថា ស្ថានភាពនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសនាពេលបច្ចុប្បន្ននេះ ហាក់មានបានធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុន ដោយសារការបញ្ជាទិញពីប្រទេសជាដៃគូពាណិជ្ជកម្មមួយចំនួនទាំងទ្វេភាគី និងពហុភាគីមានការថមថយ ជាពិសេសការបញ្ជាទិញពីទីផ្សារអឺរ៉ុប និងអាមេរិកតែម្តង ដោយសារការកាត់បន្ថយនូវតម្រូវការប្រើប្រាស់នៅទីនោះ។ ថ្វីដ្បិតការនាំចេញទំនិញកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមអឺរ៉ុបមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកជំនាញរូបនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសក្នុងក្របខណ្ឌ RCEP និងក្នុងតំបន់អាស៊ាន ដូចជាទីផ្សារប្រទេសចិន និងឥណ្ឌូនេស៊ីជាដើមនោះ ហាក់មានកំណើនវិជ្ជមានឡើងវិញគួរឱ្យកត់សម្គាល់នៅពេលនេះ ជាពិសេសគឺការនាំចេញនូវផលិតផលកសិកម្មតែម្តង។

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកត់សម្គាល់ឃើញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិកនៅតែមានភាពល្អប្រសើរ ពោលគឺសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ដ្បិតការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅប៉ុន្មានខែចុងក្រោយនេះមានការថយចុះបន្តិចក្តី។ បើតាម អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ទំនិញសក្កានុពលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក មានដូចជា ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ គ្រឿងបង្គំអគ្គិសនី កង់ និងផលិតផលកសិកម្មមួយចំនួន។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅ៨ខែដំបូងឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត៣២ពាន់លានដុល្លារ មានការថយចុះ១៤,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១៥ពាន់លានដុល្លារ កើនឡើង០,៤% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង១៦ពាន់លានដុល្លារថយចុះជាង២៥%៕