លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៥លើក ដែលរួមមាន កិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគី ចំនួន ៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន ៦លើក។ ក្នុងនោះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុង ភាគីនីមួយៗចំនួន ៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញមកទៅលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូន តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានបន្តរក្សាតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន ២០១ ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ មេត្តាជ្រាបជាព័ត៌មានតាមការគួរ។