បើនិយាយពីរោងចក្រ សហគ្រាស រាជធានីភ្នំពេញឈរនៅចំណាត់ថ្នាក់ទី១ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៣នេះ រាជធានីភ្នំពេញមានរោងចក្រ សហគ្រាសចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧, មានកម្មករនិយោជិតសរុបជិត ៣៣ម៉ឺន ៩ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗផងដែរ។
យ៉ាងណាក្រៅពីរាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ និងខេត្ដកណ្ដាល គឺជាទីតាំងដែលមានរោងចក្រ សហគ្រាសធ្វើការអភិវឌ្ឍ ច្រើនផងដែរ។ បើយោងតាមរបាយការណ៍របស់ក្រសួងការ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅខេត្ដកំពង់ស្ពឺនៅចំណាត់ថ្នាក់ទី២ និងខេត្ដកណ្ដាលនៅចំណាត់ថ្នាក់ទី៣។
*ខេត្ដកំពង់ស្ពឺ
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ-សហគ្រាសចំនួន៣៨៥ និងមានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ ។ គ្រាន់តែវិស័យកាត់ដេរមួយមុខខេត្ដមួយនេះមានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លានដុល្លារក្នុងមួយឆ្នាំ ហើយក៏ជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។
*ខេត្ដកណ្ដាល
ខេត្ដកណ្ដាលជាប់ចំណាត់ថ្នាក់លេខ៣ ដោយបច្ចុប្បន្នខេត្ដជាប់នឹងរាជធានីភ្នំពេញមួយនេះមានរោងចក្រសហគ្រាសសរុបចំនួន ៤៨៣ មានកម្មករនិយោជិតជាង ១៥ ម៉ឺននាក់ ដែលមានប្រាក់ស្នូលសរុបប្រមាណ ៤៧៣ លានដុល្លារ នៅក្នុងមួយឆ្នាំ។ ហើយក្នុងនោះចំពោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ មានចំនួន ១៧១ កន្លែង មានកម្មករនិយោជិតសរុបជាង ១៣ ម៉ឺននាក់ ដែលមានប្រាក់ឈ្នូលសរុបជាង ៤១១ លានដុល្លារក្នុង ១ ឆ្នាំៗ៕