ទោះបីជាស្ថានភាពសេដ្ឋកិច្ចអាប់អួដោយសារតែចរន្តសេដ្ឋកិច្ចសាកល ហើយមានក្រុមហ៊ុនជាច្រើនរងគ្រោះ ប៉ុន្តែទន្ទឹមនឹងក្រុមហ៊ុនដែលកំពុងមានបញ្ហា ក៏មានក្រុមហ៊ុនខ្លះនៅតែ ទទួលបានប្រាក់ចំណេញ។ ស្ថិតិបានបង្ហាញថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំណួន៥០០ នៅតែបន្តធ្វើប្រតិបត្តិការជាមួយការទទួលបានប្រាក់ចំណេញសមរម្យ។
សារព័ត៌មាននៅក្នុងស្រុកមួយចំនួនរបស់វៀតណាមបានរាយការណ៍ថា នៅទូទាំងប្រទេសមានក្រុមហ៊ុនសរុបជាង៥០០នៅតែបន្តប្រតិបត្តិការអាជីវកម្ម និងសេវាកម្មរបស់ខ្លួន ជាប្រក្រតីជាមួយនឹងប្រាក់ចំណេញសមរម្យ។ មកដល់ពេលនេះមានសេចក្តីរាយការណ៍ថា ជាងពាក់កណ្តាលនៃក្រុមហ៊ុនជឿជាក់ថា ប្រាក់ចំណេញរបស់ពួកគេនឹងប្រសើរឡើងបន្តិចបើធៀបនឹងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយនៅក្នុងនោះ៤,៥ ភាគរយបានព្យាករណ៍ថាប្រាក់ចំណេញរបស់ពួកគេនឹងនៅដដែល ហើយជិត៤១ភាគរយគិតផ្ទុយពីនេះ។
សេចក្តីរាយការណ៍បានអះអាងថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនយ៉ាងតិច១០ ដែលបានអះអាងអំពីកំណើននៃប្រាក់ចំណេញនៅក្នុងនោះគឺមានក្រុមហ៊ុនប្រេង PetroVietnam, ក្រុមហ៊ុនអេឡិចត្រូនិច Samsung Electronics Vietnam Thái Nguyên, ក្រុមហ៊ុនទូរគមនាគមន៍ Viettel, ក្រុមហ៊ុនធនាគារ Vietcombank, ធនាគារTechcombank, ក្រុមហ៊ុនរុករកប្រេង PetroVietnam Exploration Production Corp, ធនាគារ BIDV, ធនាគារ Military Bank, ធនាគារ Agribank, និងធនាគារ VP Bank ។
តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសជាក្រុមហ៊ុនដែលបានបន្តរក្សាភាពនាំមុខនៅក្នុងការគ្រប់គ្រងទ្រព្យសកម្មសរុបរហូតដល់ទៅ១៣,៧ ភាគរយពោលគឺកើនឡើង២,៧ ភាគរយបើធៀបនឹងឆ្នាំមុន។ ហើយក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យឯកជនទទូលបានចំណែក១២,២ភាគរយ ដោយឡែកក្រុមហ៊ុនរដ្ឋ គឺអាចមានលទ្ធភាពគ្រប់គ្រង៩,២ភាគរយ ។ នៅក្នុងចំណោមក្រុមហ៊ុនទាំង៥០០នោះ មានក្រុមហ៊ុនភាគច្រើនរំពឹងថា ពួកគេនឹងអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចវៀតណាមចន្លោះពី៤,៥%ទៅ៥%នៅក្នុងឆ្នាំ២០២៣។
នេះគឺជាការព្យាករណ៍អំពីស្ថានភាពវិជ្ជមានរបស់វៀតណាម ខណៈដែលក្រុមហ៊ុនប្រមាណជា ៣/៤ បានលើកឡើង និងត្អូញត្អែរពីការធ្លាក់ចុះ នៃតម្រូវការ និងភាពមិនប្រាកដប្រជាជាសកលថា ជាបញ្ហាធំបំផុតដែលរារាំងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ក្រៅពីនោះ ពួកគេក៏បានត្អូញត្អែរពីការកើនឡើងនៃថ្លៃដើមទុន អតិផរណាខ្ពស់នៅក្នុងប្រទេសនាំចូលធំៗ និងបញ្ហាប្រឈមនៅក្នុងទីផ្សារអចលនទ្រព្យ និងមូលបត្របំណុលសាជីវកម្ម៕