Alynana Media Cambodia
Icon Collap
clinic narit

ដើម្បីបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិដាក់ចេញគោលដៅការងារអាទិភាពចំនួន ៥

Admin Alynana | Sep 16, 2023
ដើម្បីបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិដាក់ចេញគោលដៅការងារអាទិភាពចំនួន ៥
Clinic narith
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបែងចែកចង្កោមការងាររបស់ខ្លួនជាពីរផ្នែក ដោយមួយដើរតួនាទីជាអង្គនយោបាយ និងមួយទៀត អង្គអនុវត្តច្បាប់។ ប៉ុន្ដែតួអង្គទាំងពីរនេះ ត្រូវសហការអនុវត្តច្បាប់ទាំងនៅកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន នៅពេលអនាគត។
 
ដោយឡែក សម្រាប់ទិសដៅការងារអាទិភាព ចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រកាសឲ្យដឹងពីសំណាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ នោះរួមមាន៖
ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងរៀបចំការអប់រំណែនាំបន្ថែមផ្សេងៗ ឲ្យកាន់តែផុលផុស ដោយបូករួមទាំងការនិពន្ធចម្រៀង តែងកំណាព្យ វិញ្ញាសារសម្រាប់សិស្សប្រឡង ហើយបាញ់ឆ្ពោះត្រង់ទៅកាន់យុវជន និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។
 
ទី២៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។ យន្ដការទាំងនោះត្រូវធ្វើឡើងឲ្យសកម្ម ហើយមាននិរន្ដរភាព ក្នុងនោះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់សារធាតុគីមីផ្សំ ដូចជា ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្មជាដើម។
 
ទី៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ក្នុងនោះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
 
ទី៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើងពាក់ព័ន្ធការគ្រប់គ្រងសារធាតុគីមីផ្សំ និងត្រូវត្រួតពិនិត្យតំបន់ដែលមានហានិភ័យ ដោយពួកឧក្រិដ្ឋជនលួចប្រើប្រាស់កន្លែងនោះលួចលាក់កែច្នៃផលិតគ្រឿងញៀន។ ឧទាហរណ៍៖ តំបន់ព្រៃ តំបន់ឃ្លាំងស្ដុកទំនិញ និងតំបន់ដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ជាដើម។
 
ទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ បច្ចុប្បន្នកន្លែងសប្បាយដ្ឋាននៅទូទាំងប្រទេស មានប្រមាណជាង១,៣០០ទីតាំង ដែលអាចសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយការត្រួតពិនិត្យទីតាំងសប្បាយដ្ឋាននេះ ត្រូវបានផ្ដល់តួនាទី ភារកិច្ចជូនអង្គភាពអនុវត្តច្បាប់។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានបញ្ជាក់ថា គ្រាន់តែក្នុងរយៈពេល០៨ខែ ដើមឆ្នាំ២០២៣ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥,១៣៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន១២,៤៩១នាក់ ចាប់យកសារធាតុញៀន ចំនួន២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន៩១០.៨៧គីឡូក្រាម រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។