តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី (Cambodian Zhejiang Guoji SEZ) គ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២ របស់ខ្លួនទំហំ ១ពាន់ហិកតាបន្ថែមទៀត ដែលមានទីតាំងនៅខេត្តកោះកុង។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា «ថ្ងៃនេះយើងបានព័ត៌មានថ្មីទៀតថាពិសេសថា តំបន់សេដ្ឋកិច្ចពិសេស ចេជាង នេះនឹងពង្រីកតំបន់ទី២របស់គាត់ (...) ដោយគាត់នឹងពង្រីក ១ ពាន់ហិកតា នៅខេត្ដកោះកុង។ នេះបង្ហាញថា គេយកចិត្ដទុកដាក់ គេជឿជាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានទៅទិញដី ១ ពាន់ហិកតា បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត»។
ឯកឧត្ដមមានប្រសាសន៍បន្ដថា ក្នុងតួនាទីយើងជាអ្នកសម្របសម្រួល ត្រូវសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគនោះមកដាក់ទុននៅប្រទេសកម្ពុជាយើងបន្ថែមទៀត។
មូលហេតុនៃការពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២នេះ ដោយសារបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ទី១ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា និងភូមិប្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានផ្ទៃដីតែ ១៣០ ហិកតា ខណៈស្ថានភាពប្រតិបត្តិការនៃរោងចក្រ និងសហគ្រាសនៅក្នុងតំបន់នេះពេលអស់ហើយ ដូច្នេះចាំបាច់ត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ។ នេះតាមការបញ្ជាក់បន្ថែមពីឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី៕