(ភ្នំពេញ)៖ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។ ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន ដោយសារតែពួកគាត់មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។
នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។
បើតាម លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អាជីវកម្មដែលមានផលរបរចំណូលដុលសរុបប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ឬ៦ម៉ឺនដុល្លារ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុកដែរ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច។
លោកបានឱ្យដឹងថា សម្រាប់អាជីវកម្មដែលទទួលបានចំណូលលើពី ២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលទទួលបានចំណូលលើសពី ៧៥០លានរៀល ដល់៤០ពាន់លានរៀល ឬប្រមាណ១លានដុល្លារ ជាប់ពន្ធមធ្យម ដែលម្ចាស់អាជីវកម្មតម្រូវឱ្យមានការចុះបញ្ជីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
នៅកម្មវិធីផ្សាយផ្ទាល់ ក្រោមប្រធានបទស្ដីពី «ការយល់ដឹងពីពន្ធដារ» នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក គង់ វិបុល លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមានផលចំណូលតាមច្បាប់កំណត់ទៅចុះបញ្ជី ដើម្បីតម្លាភាពក្នុងការបង់ពន្ធ និងជៀសវាងការផាកពិន័យ ឬការចាត់វិធានការណាមួយ ដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្ម។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ មានគោលការណ៍ច្បាស់លាស់ ក្នុងការជំរុញម្ចាស់អាជីវកម្មមកឱ្យចុះបញ្ជី។ នៅពេលដែលម្ចាស់អាជីវកម្មមកចុះ នៅក្នុងប្រព័ន្ធ Cam DX ឬប្រព័ន្ធអនឡាញ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការបែងចែក ពីកម្រិតអាជីវកម្ម ដែលត្រូវជាប់ពន្ធ ដូចជាប្រភេទពន្ធតូច ពន្ធមធ្យម និងពន្ធធំ។ ប៉ុន្តែអាជីវកម្មដែលទទួលបានតិចជាង ២៥០ លានរៀល ឬ៦ម៉ឺនដុល្លារ មិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ហើយប្រសិនបើមន្រ្តីឆក់ឱកាសមួយចំនួនទៅគម្រាមកំហែងសូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ។
បើតាមអគ្គនាយកពន្ធដារ ៨ខែឆ្នាំ២០២៣នេះ មានជាង៩ ៨០០សហគ្រាសបានចុះបញ្ជីនៅក្នុងប្រព័ន្ធ Cam DX និងចុះបញ្ជីផ្ទាល់ជាង៩០០ សហគ្រាស។
ដោយឡែកសម្រាប់អាជីវកម្មប្រកបតូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម ក៏មិនតម្រូវឱ្យទៅសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុក ឬខណ្ឌនោះទេ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញសម្រេចក្នុងផ្អាក ការផ្តល់សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌដល់អាជីវកម្មតូចតាចកាលពីពេលថ្មីៗនេះ ដើម្បីជួយសម្រាលបន្ទុកការចំណាយ របស់ម្ចាស់អាជីវកម្មតូចតាចទាំងនោះ។
យោងតាមសេចក្តីសម្រេច ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ការផ្អាកផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌនេះ សម្រាប់អាជីវកម្មដូចជា៖ អាជីវកម្មសិល្បៈសូនរូប អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ , អាជីវកម្មលក់សម្ភារកីឡា ,ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រ៉ឺម៉កម៉ូតូដឹងទេសចរណ៍, ទីតាំងសិប្បកម្មមួយចំនួនដូចជាកន្លែងផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប កន្លែងដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ និងកន្លែងផ្តល់សេវាកម្មជួសជុលគ្រឿងអេឡិចត្រូនិក លាងរថយន្តម៉ូតូ ។
ជាមួយគ្នានេះ ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម និងលិខិតអនុញ្ញាធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម ក៏មិនតម្រូវឱ្យសុំសេវារដ្ឋបាលផងដែរ។
ឧកញ៉ា កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា បានប្រាប់ថា ការសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលនេះ គឺជាការលើកទឹកចិត្តមួយផ្នែក ដល់ការធ្វើអាជីវកម្មលក្ខណៈតូចតាច។ នេះគឺពិតជាបានជួយពួកគាត់ឱ្យមានឱកាសច្រើន ក្នុងការពង្រឹង និង ពង្រីក អាជីវកម្មដោយមិនមានការភ័យខ្លាច។ នៅពេលដែលអាជីវកម្មខ្នាតមីក្រូមានការពង្រីកខ្លួន ពេលនោះគឺជាពេលវេលាដែលអាជីវកម្មក្រៅប្រព័ន្ធ និងចូលចុះបញ្ជីឲ្យស្របច្បាប់ ដែលអាចចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ យើងបានយ៉ាងលឿនផងដែរ។
លោកស្រីបន្តថា «ប្រទេសជាតិមានការរីកចម្រើនបានលឿន គឺដោយសាររាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ធ្វើយ៉ាងណា បង្កលក្ខណ: ងាយស្រួល ដល់អាជីវកម្មខ្នាតមីក្រូ ក្រៅប្រព័ន្ធ មានឱកាសប្រកបអាជីវកម្ម ដោយមិនមានសម្ពាធពីរាជរដ្ឋាភិបាល ទើប រាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្តល់សេវា រដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករ ប្រកបអាជីវកម្មតូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម»៕