ភ្នំពេញ៖ ផលិតផលជលផលកម្ពុជាក្រោយពេលប្រមូលផល ដែលជាប្រភេទអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម ជាដើម កំពុងត្រៀតម្រាប់ប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាងកម្ពុជា។ ក្រៅពីនេះ ក៏នឹងយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមការឱ្យដឹងពី លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការយូនីដូ (UNIDO)។
លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានឱ្យដឹងដូចនេះ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន ១៩ស្ថាប័ន ទៅកាន់សហគ្រាសជលផលក្រោយប្រមូលផល នៅខេត្តកណ្តាល កំពង់ធំ និងសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ភាពជាសារវន្តនៃវិស័យជលផលដែលជាផ្នែកមួយយ៉ាងសំខាន់ និងជាសសរស្តម្ភក្នុងការអភិវឌ្ឍវិស័យជលផល។ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ ក្នុងតំបន់នេសាទ។ ក្រៅពីនេះពលរដ្ឋដែលប្រកបរបរនេសាទ និងអ្នកធ្វើការដោយផ្ទាល់ជាមួយនឹងការនេសាទក៏មានចំនួន ៣០ម៉ឺននាក់ ថែមទៀត”។
ទាក់ទងនឹងការនាំចេញនេះដែរ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជំហានដំបូងនៃការនាំចេញ កម្ពុជាត្រូវគិតពីសុវត្ថិភាព និងគុណភាពជាចម្បង។ សុវត្ថិភាពម្ហូបអាហារ ពិតមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ១ថ្ងៃ ៣ពេល។ ជាដំណោះស្រាយ រដ្ឋបាលជលផល សហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិបាន ដោយសារតែកម្ពុជាបានដើរក្រោយប្រទេសជិតខាងមួយជំហានលើការនាំចេញផលិតផលជលផលនេះ។
ជាមួយគ្នានេះដែរ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងដែរថា គម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសធនុតូចចំនួន២៨ ជាជំនួយបច្ចេកទេស និងសម្ភារបរិក្ខារទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ (CQS)។ មកទល់ពេលនេះ សហគ្រាសចំនួន៨ ទទួលបាន CQS ក្នុងនោះ CQS ពេញលេញចំនួន៤ និង CQS ធម្មតាចំនួន៤។ នេះមានន័យថា ផលិតផលដែលមានបិតស្លាកសញ្ញា CQS កំពុងមានវត្តមាននៅលើទីផ្សារកម្ពុជា។ នៅពេលយើងទៅទិញទំនិញនៅលើទីផ្សារក្នុងស្រុក អាចស្វែងរកមើល និងជួយទិញផលិតផលដែលមានបិតស្លាកសញ្ញា CQS ដែលជាផលិតផលមួយមានគុណភាព និងសុវត្ថិភាពសម្រាប់ការបរិភោគ។
លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ថា រដ្ឋបាលជលផល និងក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់ផ្តល់ពូជល្អៗ កាត់បន្ថយថ្លៃដើម ចំណេញពេលវេលា ខណៈធនធានជលផលក្រោយប្រមូលផលពីធម្មជាតិ និងផលដែលទទួលបានពីវារីវប្បកម្ម ត្រូវបានរក្សា និងយកទៅកែច្នៃអាហារសុវត្ថិភាពបន្ថែម ដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលជលផលទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងរួចមកហើយ ដែលធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation។ ចំណែកផលិតផលជលផលដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០តោន។ ដោយឡែកសម្រាប់ការនាំចេញនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ របស់កម្ពុជាទៅកាន់ទីផ្សារចិនវិញមានត្រីប្រា ១តោន ត្រីចិញ្ចឹម ១៤តោន, ត្រីធម្មជាតិ ១១តោន និងបង្កងកណ្តូបចំនួន ៤៥គីឡូក្រាម៕