ថ្មីៗនេះ ក្រុមហ៊ុនកសិកម្ម១របស់ចិនគឺ Danong បានចាប់ដៃគូជាមួយសម្ព័ន្ធសហគម កសិកម្មកម្ពុជា (Cambodia Agricultural Cooperative Alliance CACA) លើការវិនិយោគ វិស័យកសិកម្មដើម្បីរួមគ្នាជាដៃគូយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម បែបទំនើប មួយនាំមុខគេនៅកម្ពុជា ដែលនឹងជួយបង្កើនការងារ ប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ បងប្អូនកសិករបានធូរធារនាពេលដ៏ខ្លីខាងមុខ។
នៅក្នុងនោះដែរ ក្រុមហ៊ុនក៏បានបង្ហើបរួចមកហើយថា Danong បានជ្រើសរើសពូជផលិតផលកសិកម្មចំនួន៤ដើម្បី វិនិយោគនៅកម្ពុជាគឺ ១.ស្មៅប្រូតេអ៊ីនចំណីសត្វ ២.ពូជពោតក្រហម ៣.ឡូងមី និង ៤.ចិញ្ចឹមសត្វ គោនិងជ្រូក។ ផលិតផលទាំងអស់នេះគឺក្រុមហ៊ុននិងសហការជាមួយសម្ព័ន្ធ CACA ហើយនឹងទទួល ទិញវិញទាំងអស់សម្រាប់នាំចេញទៅប្រទេសចិន។
ក្រុមហ៊ុននឹងដាំបង្ហាញលើផ្ទៃដី ២០០ ហិកតា ដែលក្រុមហ៊ុនបានទិញរួចហើយនៅខេត្តកំពង់ធំហើយក្រុមហ៊ុនក៏ត្រៀមនឹងផ្តល់ពូជនិងដាំជូនសម្ព័ន្ធ CACA ក្នុងពេលដំណាលគ្នានេះដែរ ដើម្បី បង្ហាញជូនប្រជាកសិករអំពីផលិតផលកសិកម្មថ្មីរបស់ក្រុមហ៊ុន Danong។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Danong បានបង្ហាញគ្រាប់ពូជពោតក្រហម និងផលិតផលដំណាំស្មៅចំណីសត្វ ដែល មានជាតិប្រូតេអ៊ីនខ្ពស់ (៣០%) ហើយពេលនេះមនុស្សក៏ អាចទទួលទានបានដែរពីការកែច្នៃចេញ ជាម្សៅ ជានំ ជាសរសៃមី ឬគុយទាវ ឬជាតែសម្រាប់ផឹកជាដើម។ ផលិតផលនេះគឺបង្កើតឡើងដោយ ក្រុមហ៊ុន Danong ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលចិន។ ដំណាំយុទ្ឋសាស្ត្រទាំងនេះ នឹង ធ្វើអោយកសិករទទួលបានប្រាក់ចំណូលខ្ពស់ជាងដំណាំប្រពៃណីរបស់យើងសព្វថ្ងៃផងដែរ៕