ក្រសួងការបរទេសចិនបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសចិន បានតវ៉ាទៅកាន់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានដាក់ងារលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ថាជា «ជនផ្តាច់ការ» ដោយបានហៅការដាក់ងារបែបនេះថា «មិនសមហេតុផល» និង ជា «ការញុះញង់នយោបាយបើកចំហ» ។
ទីភ្នាក់ងាររ៉យទ័រ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ Annalena Baerbock បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Fox News កាលពីសប្តាហ៍មុន នៅពេលសួរអំពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយនៅពេលនោះថា៖«ប្រសិនបើលោក ពូទីន ឈ្នះសង្គ្រាមនេះ តើនឹងជាសញ្ញាសម្រាប់មេដឹកនាំផ្តាច់ការផ្សេងទៀតនៅក្នុងពិភពលោក ដូចជាលោកស៊ី ដូចជាប្រធានាធិបតីចិន?»។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រី Baerbock គឺ «មិនទំនងទាល់តែសោះ» និងបានរំលោភលើសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ប្រទេសចិន។
នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានជាប្រចាំមួយ លោកស្រី អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖«នេះគឺជាការញុះញង់នយោបាយបើកចំហ» ដោយបន្ថែមថាប្រទេសចិនបានតវ៉ាទៅកាន់ប្រទេសអាល្លឺម៉ង់។
Baerbock គឺជាអ្នករិះគន់ចិនដោយនិយាយមិនសំចៃមាត់នោះទេ។
កាលពីខែសីហា លោកស្រីរដ្ឋមន្ត្រីបាននិយាយថា ប្រទេសចិនបានបង្កបញ្ហាប្រឈមចំពោះ «មូលដ្ឋានគ្រឹះនៃរបៀបដែលយើងរស់នៅជាមួយគ្នានៅក្នុងពិភពលោកនេះ»។
មុននេះ លោកស្រីបានពណ៌នាអំពីទិដ្ឋភាពនៃការធ្វើដំណើរទៅកាន់ប្រទេសចិនថា «ច្រើនជាងការភ្ញាក់ផ្អើល» ហើយបាននិយាយថា ទីក្រុងប៉េកាំងកំពុងក្លាយជាគូប្រជែងជាប្រព័ន្ធច្រើនជាងដៃគូពាណិជ្ជកម្ម។
កាលពីខែមិថុនា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) ក៏បានហៅលោក ស៊ី ថាជា «ជនផ្តាច់ការ» មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនកែន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីបន្ថយកម្រិតកម្តៅរបស់មហាអំណាចទាំង២៕