ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ការចុះហត្ថលេខា លើអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនចិន Artwell Tapioca Limited និងក្រុមហ៊ុន ID Capital PLC និងក្រុមហ៊ុន Advance Digital World Trade តំណាងភាគីកម្ពុជា នាពេលថ្មីៗនេះ នឹងជំរុញការនាំចេញដំឡូងមីស្ងួតដោយផ្ទាល់ទៅកាន់ប្រទេសចិនបន្ថែមទៀត។
ពិធីចុះហត្ថលេខា លើអនុស្សរណ:នៃការយោគយល់ ស្តីពីការសហការជាយុទ្ធសាស្រ្តរវាងក្រុមរវាងក្រុមហ៊ុនទាំងបីនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងណាននីង ប្រទេសចិន ដែលមានលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាសាក្សីនៃពិធីចុះហត្ថលេខានេះ។
គោលបំណងសំខាន់នៃការចុះហត្ថលេខានេះ គឺដើម្បីនាំចេញដំឡូងមីស្ងួតទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបីឆ្នាំ ដែលការនាំចេញដំឡូងមីត្រូវបានបែងចែកចេញជាបីដំណាក់កាល។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែកញ្ញា។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមនាថ្ងៃទី១៨ ខែកញ្ញាថា កិច្ចព្រមព្រៀងសំខាន់ៗចំនួន២ បានជំរុញឱ្យក្រុមហ៊ុនបង្កើនការទិញដំឡូងមីដោយផ្ទាល់ពីកម្ពុជា រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។កាលពីមុន ការនាំចេញដំឡូងមីរបស់កម្ពុជាទៅចិន តែងធ្វើឡើងតាមរយៈប្រទេសថៃ និងវៀតណាមជាដើម ដោយការនាំចេញតាមប្រទេសជិតខាងទាំងនេះ ធ្លាប់ជួបបញ្ហាច្រើនទាក់ទងនឹងតម្លៃនិងទីផ្សារ។ លោកថា ក្រោយពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់ទាំងពីរនេះ បានជំរុញឱ្យមានក្រុមហ៊ុនជាច្រើនមកចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានការអនុញ្ញាត នាំចេញដំឡូវមីស្ងួតដោយផ្ទាល់ទៅកាន់ប្រទេសចិន។
លោក សុវិជាតិ បានបញ្ជាក់ថា ៖ «កម្ពុជាយើងមានដីសមស្របសម្រាប់ការដាំដុះដំណាំដំឡូងមីនេះ ធ្វើឱ្យក្រុមហ៊ុនចិន ជាច្រើនមានបំណងចង់ទិញដំឡូងមីដោយផ្ទាល់ពីយើង ស្របពេលដែលកសិករយើងក៏មានការយល់ដឹងពីការរក្សាគុណភាពដំឡូងមីរបស់ខ្លួនផងនោះ ច្បាស់ណាស់ធ្វើឱ្យការនាំចេញដំឡូងមីស្ងួតដោយផ្ទាល់ទៅចិន មានកំណើនជាបន្តបន្ទាប់»។
លោកបានបន្ថែមថា ក្រុមហ៊ុនចិនដែលទិញដំឡូងមីពីកម្ពុជាទៅភាគច្រើនយកទៅកែច្នៃជាម្សៅដំឡូងមី,អេតាណុល ជាដើម ដោយសារដំឡូងមីរបស់កម្ពុជា មានគុណភាពល្អ មានកំហាប់ម្សៅខ្ពស់ ធ្វើឱ្យការកែច្នៃរបស់មានផលចំណេញខ្ពស់ដែរ។
លោកថ្លែងថា ៖ «យើងមានក្តីសង្ឃឹមខ្ពស់ណាស់ចំពោះផលិតផលដំឡូងមីនេះ បន្ទាប់ពីអង្ករ ស្វាយចន្ទី ដំឡូងមីនេះហើយ ដែលយើងរំពឹងថា អាចច្បាមយកទីផ្សារធំៗ ដែលមិនត្រឹមប្រទេសចិននោះទេ នៅមានបណ្តាប្រទេសមួយចំនួនទៀតផងដែរ។ បើទោះជាទីផ្សារមានភាពប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏យើងមានទីផ្សារផ្សេងទៀតដែរ»។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីកម្ពុជា បានប្រាប់ឱ្យដឹងដែរថា កន្លងទៅថ្មីៗ មានក្រុមហ៊ុនចិន បានមកចចារទិញដំឡូងមីពីខាងសមាគមដែរ តែមិនជោគជ័យទេ ដោយសារតែក្រុមហ៊ុនមានការតម្រូវលក្ខខណ្ឌស្តង់ដារបច្ចេកទេសខ្ពស់ ប៉ុន្តែតម្លៃទាបជាងការលក់នៅក្នុងស្រុក។
លោកបានបញ្ជាក់ថា ៖ «តាមពិតទៅការលក់ទៅឱ្យចិនដោយផ្ទាល់គឺយើងចំណេញ ប៉ុន្តែដោយសារចិនគេទាមទារឱ្យយើងមានការអនុវត្តស្តង់ដារខ្ពស់ ដែលទាមទារឱ្យមានការចំណាយដើមទុនច្រើនដើម្បីវិនិយោគ ។ដូចនេះយើងមិនមានដើមទុននោះទេ។ខ្ញុំយល់ថា បើសិនជាមានក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់កែច្នៃដំឡូងមី ក៏ដូចជាផ្នែកបច្ចេកទេស នោះទើបនាំឱ្យការនាំចេញទៅចិនដោយផ្ទាល់ចំណេញបានច្រើន»។
បើតាមប្រធានសមាគមកសិករដំឡូងមីកម្ពុជា នៅឆ្នាំនេះ ការដាំដុះដំឡូងមីមានការថយចុះប្រមាណ២០ភាគរយទៅ៣០ភាគរយ នៅទូទាំងប្រទេស ដោយហេតុថា អាកាសធាតុរាំងស្ងួតពេកបណ្តាលឱ្យងាប់ពូជដែលកសិករបានរក្សាទុកដាំបន្តនោះមានច្រើន ខណៈដែលពូជដែលលក់នៅលើទីផ្សារក៏មានការឡើងថ្លៃផងដែរ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញដែរថា នៅក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០២៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ ម៉ឺនតោន ថយចុះជាង ៤០ ភាគរយ,ដំឡូងមីស្រស់ ជាង ៧២ ម៉ឺនតោន ថយចុះជាង២៤ភាគរយ, ម្សៅដំឡូងមី ជាង២៤ពាន់តោន ថយចុះជាង៥២ភាគរយ និងកាកសំណល់ដំឡូងមី ជាង៦ម៉ឺនតោន កើនឡើង៦៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕