(ភ្នំពេញ)៖ ថ្លែងនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន១៨១០៤នាក់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងស្តីអំពីការ ពិនិត្យ-រៀបចំគោលនយោបាយទាក់ទងនឹងបញ្ហាប្រជាសាស្រ្តឡើងវិញ ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាន ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការរាយការណ៍របស់ក្រសួងផែនការថា តាមការព្យាករណ៍ប្រទេសកម្ពុជាយើងនឹងក្លាយទៅជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០ ប៉ុន្តែនៅឆ្នាំ២០៥០កម្ពុជាមានគោលដៅ ក្លាយទៅជាប្រទេសអ្នកមាន ដូច្នេះក្រសួងផែនការត្រូវពិនិត្យនិងរៀបចំគោលនយោបាយប្រជាសាស្រ្តឡើងវិញ ដើម្បីដល់ពេលនោះកុំឱ្យប្រជាជនមានចំនួនមនុស្សចាស់ច្រើនជាងក្មេងនៅឆ្នាំ២០៥០។
ក្នុងនោះ សម្តេចធិបតី បានមានប្រសាសន៍ថា "ដូច្នេះខ្ញុំថាឱ្យពិនិត្យមើល ប្រសិនបើត្រូវឱ្យប្រជាពលរដ្ឋកើនច្រើន គឺឱ្យមានឥឡូវកុំចាំដល់ឆ្នាំ២០៥០ បើដល់២០៥០ពេលនោះមិនមានអ្នកណាចង់មានកូនទេ ព្រោះទី១ការចិញ្ចឹមក៏ថ្លៃ ទី២របៀបរបបធ្វើការ ហើយអ្នកក្រុងយើងឥឡូវខ្ញុំមើលទិន្នន័យថ្ងៃមុនកូនដូច១កន្លះផង គឺមធ្យមថយហើយ”។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានស្នើឱ្យក្រសួងផែនការនិងក្រសួងពាក់ព័ន្ធ ជួយលើកទឹកចិត្តឱ្យពលរដ្ឋបង្កើតកូនឱ្យបានច្រើន ព្រោះដីក៏នៅទូលាយច្រើន ហើយការបង្កើនចំនួនប្រជាសាស្រ្តនៃប្រជាជននឹងបានរួមចំណែកធ្វើឱ្យទីផ្សារមានភាពធំទូលាយនិងរឹងមាំនាពេលអនាគត។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា ២០៥០ សល់ពេល២៧ឆ្នាំទៀត គឺមិនយូរទៀតនោះទេ ព្រោះប្រទេសអភិវឌ្ឍន៍ត្រូវការកម្លាំងយុវជនច្រើនជាងមនុស្សចាស់ ហើយប្រជាពលរដ្ឋយើងត្រូវការកម្លាំងពលកម្មជាប់រហូតទើបធ្វើឱ្យទៅមុខបានយូរឆ្នាំ។ មួយវិញទៀតកម្ពុជាយើងទើបមានប្រជាជន១៧លាននាក់ប៉ុណ្ណោះ ដូច្នេះកម្ពុជាគួរតែបង្កើនឡើងឱ្យបានដល់ ៣០លាននាក់ ទៅ ៤០លាននាក់ ដើម្បីសមាមាត្រនឹងការងារនៅពេលអនាគត។
យ៉ាងណាមិញ សម្តេចមហាបរវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកបញ្ជាក់ថាការជំរុញឱ្យមានកំណើននៃការបង្កើតកូនច្រើននេះ ក៏យើងត្រូវគិតឱ្យបានហ្មត់ចត់និងស្មើភាពគ្នារវាងការកើនឡើងនៃចំនួនប្រជាជន និងការកើនឡើងនៃសេដ្ឋកិច្ចផងដែរ៕